នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ទីភ្នាក់ងាររបស់ផលិតកម្ម “ភីជឈី” (PEACY) បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា “គីម សូ យ៉ុន” (Kim So Hyun) បានចុះហត្ថលេខាធ្វើជាសិល្បការិនីផ្លូវការជាមួយទីភ្នាក់ងារនេះហើយ។ តារាស្រីរូបនេះ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងអាជីពរបស់នាង ដើម្បីបង្ហាញពីភាពទាក់ទាញ និងជំនាញសម្ដែង ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតពីទស្សនិកជន។

“គីម សូ យ៉ុន” (Kim So Hyun) បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេងមកម្ល៉េះ ហើយបច្ចុប្បន្ននាងជាតារាសម្តែងដែលមានបទពិសោធន៍ជាង ១៧ ឆ្នាំមកហើយ។ ក្នុងនោះនាងបានទទួលការស្រលាញ់ពីទស្សនិកជនតាមរយៈស្នាដៃសម្តែងរឿងដ៏សម្បូរបែប ដោយតួអង្គនីមួយៗដែលនាងបានសម្តែងសុទ្ធតែបានទាក់ទាញអ្នកទស្សនាជាមួយនឹងស្ទីលសម្តែងប្លែកៗរបស់នាង។

ជាមួយគ្នានេះ នៅក្នុងខ្សែភាពយន្តភាគថ្មីបំផុតរបស់នាង ដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ JTBC ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ គឺរឿង “ហ្គូត បយ” (Good Boy) “គីម សូ យ៉ុន” (Kim So Hyun) បានដើរតួជា “ជី ហាន់ណា” (Ji Han-na) គឺជាអតីតម្ចាស់មេដាយមាសផ្នែកកីឡាបាញ់កាំភ្លើង និងបានក្លាយជាប៉ូលីសពិសេស។ តួអង្គដែលនាងសម្តែងគឺជាតួអង្គដែលមានភាពរឹងមាំ គួបផ្សំនឹងអារម្មណ៍ដ៏ស៊ីជម្រៅ រហូតអាចទាក់ទាញអ្នកទស្សនាឱ្យដិតដាមនូវការសម្តែងរបស់នាងថែមទៀតផង។

យ៉ាងណាមិញ ការចាប់ផ្តើមជំពូកថ្មីជាមួយផលិតកម្ម “ភីជឈី” (PEACY) “គីម សូ យ៉ុន” (Kim So Hyun) បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតគម្រោងជាច្រើននាពេលឆាប់ៗខាងមុខនេះផងដែរ៕