គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku ហាក់មានការពេញចិត្ត ពេញថ្លើម ទៅនឹងសមាសភាពកីឡាករទាំង២៦នាក់ ដែលត្រូវបានកោះហៅ ឱ្យប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ
សម្រាប់ត្រៀមប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup 2026 ដោយកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះប្រចាំពូលG ជាមួយក្រុម អ៊ីរាក់ អូម៉ង់ និងក្រុម U23 ប៉ាគីស្ថាន ហើយការប្រកួតពូលនេះ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី៣ ដល់ទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមបញ្ជីរាយនាមកីឡាករទាំង២៦នាក់ ដែលត្រូវបានកោះហៅប្រមូលផ្តុំលើកនេះ គឺមានរហូតដល់១២នាក់ ជាកីឡាករមិនបានចូលរួមការប្រកួតពាន ASEAN U23 ម៉ាន់ឌីរី Cup 2025 នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកក្កដា ខណៈ១៤នាក់នេះ ជាកីឡាករ ធ្លាប់បានចូលរួមក្នុងពានរង្វាន់នោះ។តែទោះបីជាយ៉ាងណា ជុំវិញការផ្លាស់ប្តូរសមាសភាពកីឡាករភាគច្រើននេះ លោក Koji បានអះអាងថា ដោយសារការប្រកួតជម្រុះពាន AFC U23 Asian Cup 2026 នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបសុទ្ធតែក្រុមខ្លាំងៗ។ លោកបាននិយាយថា ការប្រមូលផ្តុំលើកនេះ អាចល្អជាងលើកមុន ដ្បិតអីទទួលបានកីឡាករ ទៅតាមអ្វីដែលលោកចង់បានច្រើន ហើយការត្រៀមខ្លួន លើកនេះ ក៏មានរយៈពេល ១សប្ដាហ៍ មុនការប្រកួតមកដល់ គឺវែងជាងការត្រៀមខ្លួនកន្លងមក។
លោក Koji បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងបានចូលរួមទស្សនាផ្ទាល់ការប្រកួតលីគ ដើម្បីតាមដានកីឡាករដែលមានឆន្ទៈក្នុងការលេងខ្លាំង មុននឹងកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា U23 ពីព្រោះតែយើងត្រូវប៉ះក្រុមសុទ្ធតែខ្លាំងៗ ដូច្នេះយើងត្រូវការកីឡាករណា ដែលស៊ូខ្លាំងអាចលេងបាន៩០នាទី»៕
