កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ផលិតកម្ម “វ៉ារ៉ អេនថឹថេនម៉ឹនថ៍” (Varo Entertainment) បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចុះកិច្ចកុងត្រាជាមួយតារាសម្តែង “លី ឆេមីន” (Lee Chae-Min)។ ក្នុងនោះ ផលិតកម្មខាងលើបានធ្វើការសរសើរពីសមត្ថភាពនៃការសម្តែងដ៏ប៉ិនប្រសប់របស់គេ និងជួយជំរុញ “លី ឆេមីន” (Lee Chae-Min) បង្ហាញឱ្យអស់ពីសមត្ថភាពនៃការសម្តែងដែលគ្មានដែនកំណត់របស់គេយ៉ាងពេញទំហឹងថែមទៀតផង។
ដោយឡែក ផលិតកម្ម “ហ្គូល ម៉េដលលីស” (Gold Medalist) ដែលជាផលិតកម្មចាស់របស់ “លី ឆេមីន” (Lee Chae-Min) ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដូចគ្នាដែរថា កុងត្រារវាងពួកគេ នឹងត្រូវបញ្ចប់នៅចុងខែសីហានេះហើយ បន្ទាប់ពីរួមដំណើរជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។
យ៉ាងណាមិញ “លី ឆេមីន” (Lee Chae-Min) នឹងត្រៀមបង្ហាញខ្លួននៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា “ប៊ុង អ៊ែបភេធីត យ៉ ម៉ឹជេសធី” (Bon Appétit, Your Majesty) របស់ tvN ឆាប់ៗខាងមុខនេះហើយ។
គួរឱ្យដឹងថា “វ៉ារ៉ អេនថឹថេនម៉ឹនថ៍” (Varo Entertainment) ដែលជាផលិតកម្មថ្មីរបស់ “លី ឆេមីន” (Lee Chae-Min) ចាត់ទុកថាជាផលិតកម្មដែលមានគ្រប់ទម្រង់ រួមមាន ការគ្រប់គ្រងតារាសម្តែង ការផលិតរឿងដុំ និងរឿងភាគ ជាដើម៕
