កណ្តាល៖
ផ្តើមពីការលេងឆាតតាម Messenger Facebook ក្លាយជាស្នេហាណាត់ ជួបមុខ ឈានដល់ការ រួមភេទជាមួយក្មេងស្រីរងគ្រោះ(ជាអនីតិជនអាយុក្រោម១៥ឆ្នាំ) ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទីថ្ងៃទី០៥ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្នុងតូបជួសជុលម៉ូតូដែលស្ថិតនៅ ក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ តាមពាក្យបណ្តឹង រហូតឈានទៅឃាត់ខ្លួនបុរសជាជនសង្ស័យ នៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៥។
វរៈសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា÷ ដើមបណ្តឹងមានឈ្មោះ ឃន សុភឿន ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ តម្បាញ មានទីលំនៅក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ត្រូវជាម្តាយបង្កើតរបស់ ក្មេងស្រីរងគ្រោះ មានឈ្មោះ ថ.រ.ត.ន (ថា រតនា ) អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្ថឹតនៅក្នុងបន្ទុកគ្រួសារ ។ ចំនែកបុរសជាជនសង្ស័យមានឈ្មោះ ផល សុខពិសិដ្ឋ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅក្នុងភូមិ ព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ វត្ថុតាងដកហូត៖ ទូរស័ព្ទម៉ាក IPhone ចំនួន ០១គ្រឿង ។
លោកអធិការបានប្រាប់អោយដឹងបន្ថែមទៀតថា÷កន្លងមក ក្មេងស្រីរងគ្រោះ និង ជនសង្ស័យ បានស្គាល់គ្នាតាមរយៈកម្មវិធីឆាត Messenger ដោយបានលេងឆ្លើយឆ្លងជាមួយគ្នាទៅវិញមក រហូតឈានដល់ការស្រលាញ់គ្នា និងធ្លាប់បានណាត់ជួបគ្នាចំនួន ០១លើកទៀតផង។
ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចក៏ផ្តើមធ្វើការ ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល សុខពិសិដ្ឋ បាន នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥ យកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា÷ខ្លួនគេ ពិតជាបានធ្វើសកម្មភាព រួមភេទជាមួយក្មេងស្រីរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ បាននាំមកកាន់ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីច្បាប់៕
