កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ តារាសម្តែងលោក កាវីន បានធ្វើការចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ Mister Universe 2025 នៅឯប្រទេសឥណ្ឌា។ ដ្បិតថា ទើបតែតំណាងប្រទេសជាលើកដំបូងនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែលោក កាវីន ហាក់មានការតាំងចិត្តខ្ពស់ និងមានក្តីសង្ឃឹមយ៉ាងខ្លាំងក្លាថា អាចនឹងទទួលបានជ័យជំនះនៅក្នុងកម្មវិធីនេះទៀតផង។ មុនចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក កាវីន បានឱ្យដឹងថា ខ្លួនបានសិក្សាយ៉ាងលម្អិតពីកម្មវិធីប្រកួតសម្រស់មួយនេះ។ បន្ថែមពីនេះ លោកថែមទាំងបានអភិវឌ្ឍខ្លួនឱ្យសមស្របជាមួយតម្រូវការរបស់កម្មវិធីផងដែរ។ ជាមួយគ្នានេះ លោកក៏បានសន្យាជាមួយអ្នកគាំទ្រ និងប្រជាជនខ្មែរនៅទូទាំងប្រទេស ក្នុងនាមជាអ្នកមានមុខមានមាត់នៅលើឆាកអន្តរជាតិយ៉ាងដូច្នេះថា ប្រសិនបើខ្លួនមានឱកាសអាចឈានចូលទៅកាន់តំណែងកំពូលណាមួយរបស់កម្មវិធី ជាពិសេសនៅក្នុងវគ្គសំណួរចម្លើយ លោកនឹងប្រើប្រាស់សំឡេងដ៏មានឥទ្ធិពលមួយនេះ ជាសារប្រាប់ទៅកាន់ពិភពលោកអំពីបញ្ហារបស់ប្រទេសកម្ពុជាដែលកំពុងកើតមានដូចរាល់ថ្ងៃនេះ នោះគឺប្រជាជនខ្មែរគឺជាប្រជាជនស្លូតត្រង់ និងប្រទេសកម្ពុជាគឺត្រូវការសន្តិភាព។

គួរឱ្យដឹងថា ការចាកចេញទៅប្រកួតនៅក្នុងកម្មវិធី Mister Universe 2025 នៅប្រទេសឥណ្ឌានេះ គឺ កាវីន មិនបានទៅតែម្នាក់ឯងនោះទេ ពោលគឺលោកទៅជាមួយ លោក មឿន លីហេង ដែលប្រកួតនៅក្នុងផ្នែក Mister Teen Universe 2025។ ដោយឡែកការប្រកួតផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីអន្តរជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះហើយ៕