ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃដែលបានចុះផ្សាយខុសពីការពិត។ ខាសស៊ត អ៊ីងលីស ដែលជាកាសែតដ៏ល្បីមួយរបស់ថៃបានផ្សាយថា កម្ពុជានឹងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិ៍ការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃចុងឆ្នាំនេះត្រឹមតែ ៥៧នាក់ប៉ុណ្ណោះ។
ឯកឧត្តម វ៉ាត់ ចំរើន បានប្រតិកម្មតបតាមរយៈសារព័ត៌មានក្នុងស្រុកថា៖ “ក្នុងនាមលោកជានាយបេសកកម្មពិសេសទទួលបន្ទុកស៊ីហ្គេមប្រចាំប្រទេសកម្ពុជា លោកពិតជាមិនបានដឹងពីដំណឹងនេះសូម្បីតែបន្តិចសោះ ហើយលោកហ៊ាននិយាយថា ការចុះផ្សាយនេះមិនមែនជារឿងផ្លូវការឡើយ!”
ឯកឧត្តមអគ្គលេខាធិការ NOCC បានបញ្ជាក់បន្ថែមថា ខណៈនេះ ឯកឧត្តមនៅតែបន្តជំរុញសហព័ន្ធកីឡាជាតិទាំងអស់ឲ្យពង្រឹងការហ្វឹកហាត់ឲ្យបានខ្លាំង ខណៈស៊ីហ្គេមលើកទី៣៣ កាន់តែជិតចូលមកដល់។ ចំពោះរឿងអ្វីផ្សេងគឺត្រូវរង់ចាំការសម្រេចចុងក្រោយបំផុតរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
គួររំលឹកថា NOCC ធ្លាប់បានបញ្ជាក់ម្តងរួចហើយកាលពីប៉ុន្មានសប្តាហ៍មុននេះថា កម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិករហូតដល់ទៅជាង ១៥០០នាក់ឯណោះ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ដែលគិតចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ប៉ុន្តែអ្វីដែលធ្វើឲ្យមន្ត្រីជាន់ខ្ពស់ NOCC រូបនេះហួសចិត្តបំផុតនោះគឺសារព័ត៌មានដែលមានវិជ្ជាវិជ្ជៈមួយរបស់ថៃចុះផ្សាយថា កម្ពុជាបន្ថយចំនួនអត្តពលិករបស់ខ្លួនតាំងពីជាង ១៥០០នាក់ មកនៅសល់ត្រឹមតែ ៥៧នាក់ គឺជាព័ត៌មានបំភ្លៃការពិតសុទ្ធសាធ ក្នុងចេតនាចង់បង្កហេតុ។
សូមបញ្ជាក់ថា កីឡាមិនជាប់ពាក់ព័ន្ធនឹងនយោបាយឡើយ។ បើទោះបីជាប្រទេសទាំង២ កំពុងមានជម្លោះព្រំដែនជាមួយគ្នាយ៉ាងតានតឹងក៏ដោយ ប៉ុន្តែរឿងនោះមិនគួរយកមកភ្ជាប់ជាមួយកីឡាឡើយ ហើយបើតាមធម្មនុញ្ញរបស់អូឡាំពិកអន្តរជាតិនឹងទោសប្រទេសម្ចាស់ណាមួយដែលប៉ុនប៉ងរារាំងមិនឲ្យប្រទេសជាសមាជិក IOC បានចូលរួមព្រឹត្តិការណ៍ដែលមានរចនាសម្ព័ន្ធរៀបចំតាមបែបកីឡាអូឡាំពិកអន្តរជាតិ៕
