កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ផលិតកម្ម “សារ៉ាម់ អេនថឹថេនម៉ឹនថ៍” (SARAM Entertainment) បានចេញសេចក្តីប្រកាសមួយយ៉ាងដូច្នេះថា ពួកគេបានចុះកុងត្រាពិសេសជាមួយតារាសម្តែងវ័យក្មេង “អូ អ៊ីន ស៊” (Oh Eun-seo)។ ផលិតកម្មខាងនេះបានបន្តថា ដ្បិតថានាងមានវ័យក្មេងក៏ពិតមែន ប៉ុន្តែផលិតកម្មបានមើលឃើញពីសក្តានុពលរបស់ក្មេងស្រីរូបនេះ មិនត្រឹមតែរូបសម្រស់ខាងក្រៅនោះទេ។ 

យ៉ាងណាមិញបើតាមការដឹង “អូ អ៊ីន ស៊” (Oh Eun-seo) បានបង្ហាញខ្លួនជាផ្លូវការកាលពីអំឡុងឆ្នាំ ២០២១ តាមរយៈខ្សែភាពយន្តរឿង “ហស់ភីថល ផ្លេយ៍លីស ធូ” (Hospital Playlist 2)។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានបង្ហាញខ្លួននៅក្នុងស្ពតពាណិជ្ជកម្មជាច្រើនផងដែរ។ ដោយភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ និងសមត្ថភាពនៃការសម្តែងដ៏អស្ចារ្យបែបនេះ បានធ្វើឱ្យតារាទើបតែរះ “អូ អ៊ីន ស៊” (Oh Eun-seo) អាចឆក់យកបានបេះដូងអ្នកគាំទ្រមិនតិចនោះទេ ជាពិសេសនៅក្នុងរឿង “ហ្វ៊ែមិលី បាយ ឆយស៍” (Family By Choice) និង “លើប ណេកសថ៍ ដ័រ” (Love Next Door) ជាដើម។

ដោយសមត្ថភាពនៅក្នុងការសម្តែងដ៏ប៉ិនប្រសប់ដូចនេះ បានធ្វើឱ្យមានអ្នកគាំទ្រជាច្រើនបាននឹងកំពុងតាមដានមិនដាក់ភ្នែកទេថា អំឡុងពេលដែលនាងនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម “សារ៉ាម់ អេនថឹថេនម៉ឹនថ៍” (SARAM Entertainment) តើនាងអាចវិវត្តខ្លួនបានល្អយ៉ាងណាខ្លះទៀត៕