រាប់ទុកថាជាដំណឹងដ៏រំភើបសម្រាប់អ្នកគាំទ្រនៅទូទាំងពិភពលោក បន្ទាប់ពី “រ៉ូសេ” (Rosé) សមាជិកក្រុម BLACKPINK ត្រូវបានដាក់បញ្ជូនឈ្មោះចូលរួមដណ្តើមពានរង្វាន់នៅក្នុងកម្មវិធី “អេមធីវី វីឌីអូ ម្យូហ្ស៊ីក អឹវ៉ដ” (MTV Video Music Awards) ឆ្នាំ ២០២៥ រហូតដល់ទៅ ៨ ប្រភេទផ្សេងគ្នា ដែលនេះគឺជាកំណត់ត្រាមិនធ្លាប់មានពីមុនមកសម្រាប់សិល្បករ K-pop នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់មួយនេះ។

ការបោះជំហានទៅកាន់ឆាកអន្តរជាតិរបស់ “រ៉ូសេ” (Rosé) ក្នុងនាមជាសិល្បករទោល ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសតាមរយៈបទ APT ដែលនាងបានសហការជាមួយ “ប្រូណូ ម៉ាស់” (Bruno Mars)។ 

ដូចនេះហើយ ទើបបទមួយនេះមានឱកាសចូលរួមដណ្តើមពានរង្វាន់ក្នុងវិញ្ញាសា ៧ ប្រភេទធំៗ ដូចជា “វីឌីអូ អ៊ហ្វ ដឹ យៀ” (Video of the Year), “សង អ៊ហ្វ ដឹ យៀ” (Song of the Year), “បេស ខឹលែបឹរ៉េយ៍ស្ហឹន” (Best Collaboration), “បេស ផប់” (Best Pop), “បេស ឌិរ៉េកស្ហឹន” (Best Direction), “បេស អាត ឌិរ៉េកស្ហឹន” (Best Art Direction) និង “បេស វិស្យូល អ៊ីហ្វេក” (Best Visual Effects)។

មិនតែប៉ុណ្ណោះ បទចម្រៀងទោលថ្មីបំផុតរបស់នាងដែលមានចំណងជើងថា “ថកស៊ីក ធីល ដឹ អេនដ៍” (toxic till the end) ក៏ត្រូវបានដាក់ចូលរួមដណ្តើមពានរង្វាន់ក្នុងកម្មវិធីនេះផងដែរ ក្នុងប្រភេទវិញ្ញាសា “បេស ខេផប់” (Best K-Pop)។

យ៉ាងណាមិញ ក្រោយដំណឹងដ៏រំភើបនេះត្រូវបានផ្សព្វផ្សាយ បានធ្វើឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោក កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារថាតើពានរង្វាន់ណាខ្លះដែល “រ៉ូសេ” (Rosé) នឹងដណ្តើមបាននៅក្នុងកម្មវិធី “អេមធីវី វីឌីអូ ម្យូហ្ស៊ីក អឹវ៉ដ” (MTV Video Music Awards) ដែលកម្មវិធីនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅ UBS Arena ទីក្រុងញូវយ៉ក៕