ចាត់ទុកថាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងវិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង នៅពេលដែលតារាសម្តែង “សុង យ៉ុងគ្យូ” (Song Yong-gyu) វ័យ ៥៥ ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តផ្ទាល់ខ្លួនរបស់លោក។
កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ស្ថានីយ៍ប៉ូលីស “យ៉ុងអ៊ីន ដុងប៊ូ” (Yongin Dongbu) នៅក្នុងខេត្ត “គ្យុងគី” (Gyeonggi) បានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៨ ព្រឹក (ម៉ោងក្នុងប្រទេសកូរ៉េ) ថាមានអ្នកប្រទះឃើញ “សុង យ៉ុងគ្យូ” (Song Yong-gyu) ដេកស្លាប់នៅក្នុងរថយន្ត ដែលចតនៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង “យ៉ុងអ៊ីន” (Yongin) ខេត្ត “គ្យុងគី” (Gyeonggi) ដោយអ្នកដែលបានប្រទះឃើញសាកសពតារាសម្តែងនេះគឺជាអ្នកស្គាល់គ្នាជាមួយលោក។ តាមរបាយការណ៍បឋមបានបញ្ជាក់ថា ពុំមានបន្សល់សារលិខិតនៅកន្លែងកើតហេតុនោះទេ ហើយប៉ូលីសក៏បានបញ្ជាក់បន្ថែមថា ក៏មិនមានសញ្ញានៃការធ្វើអត្តឃាតនោះដែរ។
បច្ចុប្បន្ន ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់ ដោយមានការសាកសួរសមាជិកគ្រួសារ និងមានការធ្វើកោសល្យវិច័យផងដែរ។
ត្រលប់ទៅកាលពីខែមិថុនា “សុង យ៉ុងគ្យូ” (Song Yong-gyu) បានមានរឿងអាស្រូវ ពោលគឺតារាប្រុសរូបនេះបានបើកបរក្នុងស្ថានភាពស្រវឹង ចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីភ្នំ “គីហឹង” (Giheung) ទៅតំបន់ “ឆ-អ៊ីន” (Cheoin) ក្នុងទីក្រុង “យ៉ុងអ៊ីន” (Yongin)។
យ៉ាងណាមិញក្រោយពេលមានរឿងអាស្រូវខាងលើ លោកបានដកខ្លួនពីការសម្ដែងល្ខោននិយាយនៅក្នុងរឿង “ស្ហេកស្ពៀ អ៊ីន ឡើប” (Shakespeare In Love) និងរឿងភាគថ្មីរបស់លោកផងដែរ គឺរឿង “ដឹ ឌីហ្វេកថ៍” (The Defects) និង “ឌឹ វីននីង ធ្រាយ” (The Winning Try) ដោយក្រុមអ្នកផលិត បានសម្រេចចិត្តកាត់បន្ថយឈុតឆាករបស់លោកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
គួរឱ្យដឹងថា “សុង យ៉ុងគ្យូ” (Song Yong-gyu) បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៤ នៅក្នុងរឿងប្រភេទតន្ត្រីសម្រាប់កុមារគឺរឿង “ថោហ្ស៍ ម៉េថល” (Taoist Meoteol) និងបានដើរលើវិស័យសិល្បៈនេះជាបន្តបន្ទាប់ រហូតបានក្លាយជាតួសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងរឿង “អ៊ិកស្ទ្រីម ចប” (Extreme Job) ឆ្នាំ ២០១៩ និងមានរឿងល្បីៗជាច្រើនទៀតផងដែរ៕
