យោងតាមមន្ត្រីសេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បើកចំហចំពោះកិច្ចប្រជុំកំពូលត្រីភាគីនៅរដ្ឋអាឡាស្កា ជាមួយលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី តែបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរៀបចំផែនការជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី ពូទីន។ លោកប្រធានាធិបតី ត្រាំ គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន នៅរដ្ឋអាឡាស្កា នៅថ្ងៃសុក្រ ទី15 ខែសីហាខាងមុខនេះ និងបានបញ្ជាក់ថា ភាគីនានារួមទាំង លោកប្រធានាធិបតី ហ្សេលេនស្គី ខិតជិតដល់កិច្ចព្រមព្រៀងមួយ ដែលអាចដោះស្រាយសង្រ្គាមដែលអូសបន្លាយមកអស់រយៈពេល 3 ឆ្នាំកន្លះនេះ។ តែយ៉ាងណាមិញ ទាំងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ធ្វើការឆ្លើយតបណាមួយទាក់ទងទៅនឹងលទ្ធភាពនៃកិច្ចប្រជុំត្រីភាគីនេះនោះទេ។
