ថ្លែងប្រាប់អ្នកយកព័ត៌មាននៅកន្លែងហ្វឹកហាត់ ទន្លេវៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកីឡាទូក បានថ្លែងបញ្ជាក់ថា អត្តពលិកកីឡាទូកនាគកម្ពុជា និងទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក( WORLD GAME )នៅខេត្តជិនទូ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥។
បេសកម្មប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាពិភពលោក រៀងរាល់៤ឆ្នាំដែល សាធារណរដ្ឋប្រជាមានិតចិន ទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺទទួលបានការអនុញ្ញាតឱ្យចូលរួមពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ព្រមទាំងទទួលបានការឯកភាពយល់ព្រមពី ក្រសួងអប់រំ យុវជន និងកីឡា។
បេសកកម្មនេះ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី សរុប ១៥នាក់ ដោយចូលរួមប្រជែងលើ ៦ វិញ្ញាសា រួមមាន៖ ១. វិញ្ញាសា ២០០ម៉ែត្រ ចំណុះ ៨នាក់ ២. ២០០ម៉ែត្រចំណុះ ១២ ចម្រុះបុរសនិងនារី ៣. វិញ្ញាសា៥០០ម៉ែត្រចំណុះ ៨នាក់ .៤. វិញ្ញាសា ៥០០ម៉ែត្រចំណុះ ១២ចម្រុះបុរសនិងនារី. ៥. វិញ្ញាសា ២០០០ម៉ែត្រចំណុះ ៨នាក់. ៦. វិញ្ញាសា ២០០០ម៉ែត្រចំណុះ ១២នាក់ចម្រុះបុរសនិងនារី។
គ្រូជំនូយ ជម្រើសជាតិកីឡាទូកខាងលើ បានអះអាងថា ក្នុងចំណោម ៦ វិញ្ញាសាដែលយើងចូលរួមនេះ មាន ២ វិញ្ញាសា គឺវិញ្ញាសា ២០០០ម៉ែត្រចំណុះ ៨នាក់ និង ២០០០ម៉ែត្រចំណុះ ១២ចម្រុះបុរសនារី និងមានក្តីសង្ឈឹមខ្ពស់អាចឈានដល់ការប្រជែងដណ្តើមបានមេដាយ នាំយកមកជូនកម្ពុជា បន្ទាប់ពី គ្រូបង្វឹកជម្រើសជាតិ លោក ណាញ ណាញធូ វាយតម្លៃ និងបានធ្វើតេស អំឡុងពេលហ្វឹកហាត់មុនចេញទៅចូលរួមប្រកួត។
ដោយឡែក កីឡាករ ជម្រើសជាតិទូក កីឡាករ វុត្ថា រតនា ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ ពិភពលោក នៅសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាចិត្តខ្ពស់និងខិតខំប្រកួតឱ្យអស់ពីលទ្ធភាព នាំយកមេដាយជូនកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (WORLD GAME) រៀបចំជារៀងរាល់ ៤ ឆ្នាំម្តងដែល សាធារណរដ្ឋប្រជាមានិតចិន ទទួលធ្វើជាម្ចាស់ផ្ទះនេះ មាន ១១៧ ប្រទេសចូលរួម ដោយប្រកួតលើ ៤២ ប្រភេទកីឡា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៥ ទើបបញ្ចប់ការប្រកួត។ ខណៈប្រភេទកីឡាទូកនាគមាន ១២ ប្រទេស ចូលរួមប្រកួតពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥។ ប្រទេសចំនួន១២នេះ សុទ្ធសឹងជាប្រទេសដែលខ្លាំងជាប់ពីការប្រកួតជម្រុះ កាលពីឆ្នាំ២០២៤ ៕
