កំពង់ស្ពឺ៖ 

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូធំម្នាក់ឯងហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកចំពីមុខយ៉ាងពេញទំហឹង ក្រោយកើតហេតុតៃកុងរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍រថយន្តបុកម៉ូតូធំបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ បានកើតឡើងកាលពីវេលាម៉ោង០២និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-ទៅលេខ៣៨ ចំណុចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរនោះទេ (បានបើករត់គេចក្រោយ ពេលកើតហេតុរួច) រថយន្តខាងលើបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូធុនធំ០១គ្រឿម៉ាកអ៊ិចអ៊ែរ{XR} ពណ៌ក្រហម គ្មានផ្លាកលេខនោះទេ អ្នកបើកបរមានឈ្មោះ យី ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុកចំពីមុខយ៉ាងពេញទំហឹងស្លាប់យុវជនអ្នកបើកម៉ូតូនៅកន្លែងកើតហេតុតែម្តង។

នគរបាលស្រុកសំរោងទងបានបន្ថែមថា ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង សពយុវជនរងគ្រោះ នគរបាលប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះម៉ូតូយុវជនរងគ្រោះរងការខូចខាតផ្នែកខាងមុខ០១គ្រឿងស្រាល យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបារដ្ឋបាលឃុំត្រពាំងគងសិន។ នគរបាលស្រុកសំរោងទងបានបញ្ជាក់ថាចំណែកអ្នកបើកបររថយន្តដែលបើករត់គេចខ្លួននោះ សមត្ថកិច្ចនិងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕