តារាសម្តែងចិនដ៏ល្បី “ចាវ លូ ស៊ឺ” (Zhao Lusi) បានធ្វើឱ្យអ្នកគាំទ្រទូទាំងប្រទេសភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចិត្តបិទគណនី “វ៉េបូ” (Weibo) របស់នាងដែលមានអ្នកតាមដានជាង ៣១.២២ លាននាក់ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥។

ការ សម្រេច ចិត្ត នេះ ធ្វើ ឡើង បន្ទាប់ ពី “ចាវ លូ ស៊ឺ” (Zhao Lusi) បាន ជួប បញ្ហា ទាំង សុខភាព និង បញ្ហា អាជីពរបស់នាង ដោយកាលពីអំឡុងឆ្នាំ ២០២៤ មានគេរាយការណ៍ថានាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ “អឹហ្វេយ៍សៀ” (Aphasia) ដែលនាំឱ្យនាងផ្អាកពីការសម្តែងជាបណ្តោះអាសន្ន និងក្រោយមកទៀតបានធ្វើឱ្យមានជម្លោះកិច្ចសន្យាជាមួយភ្នាក់ងាររបស់នាងគឺ Galaxy Cool Entertainment ផងដែរ។

យ៉ាងណាមិញ កាលពីប៉ុន្មានខែកន្លងមកនេះ “ចាវ លូ ស៊ឺ” (Zhao Lusi) ហាក់សម្តែងការមិនពេញចិត្តរបស់នាងជាមួយ “វ៉េបូ” (Weibo) តាមរយៈការ Live ដោយនិយាយបែបឡកឡឺយថា "ខ្ញុំត្រូវរង់ចាំ ១៥ ថ្ងៃដើម្បីលុប “វ៉េបូ” (Weibo) “។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានត្អូញត្អែរថាបណ្តាញសង្គមមួយនេះពោរពេញទៅដោយ "រឿងអបលក្ខណ៍ និងព័ត៌មានក្លែងក្លាយ" ហើយលែងជាបណ្តាញសង្គម ដែលអាចប្រើប្រាស់ សម្រាប់ការចែករំលែកជីវិត ឬអារម្មណ៍ បានទៀតនោះទេ។

ទន្ទឹមនឹងនេះ នាងក៏មានរឿងអាស្រូវពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផលកសិកម្មក្នុងនាមជា "ទូតកសិកម្ម" ដែលត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនសង្ស័យថា វាអាចជាការលួចផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មឱ្យអ្នកជិតស្និទ្ធរបស់នាង។ ជាមួយគ្នានេះ ទីភ្នាក់ងារ របស់ នាង បាន ចេញមកបដិសេធ ចំពោះការ លើក ឡើង នេះ ដោយ ទទូច ថា វា គឺជា ការ ចាត់តាំង ជាផ្លូវការដោយរដ្ឋាភិបាល តែប៉ុណ្ណោះ។

គួរឱ្យដឹងថា បន្ទាប់ពីលុបគណនី “វ៉េបូ” (Weibo) “ចាវ លូ ស៊ឺ” (Zhao Lusi) បានងាកទៅប្រើ “សៀវហុងស្ហឹ” (Xiaohongshu) ដែលជាបណ្តាញសង្គមសម្រាប់ជជែកកម្សាន្តថ្មីជាមួយអ្នកគាំទ្ររបស់នាង។ មិនយូរប៉ុន្មាន នាងក៏បានក្លាយជាតារាដំបូងគេដែលមានអ្នកតាមដានលើសពី ២០ លាននាក់នៅលើបណ្តាញសង្គមមួយនេះ ដោយវាបានបង្ហាញថា “ចាវ លូ ស៊ឺ” (Zhao Lusi) នៅតែមានប្រជាប្រិយភាព បើទោះបីជានាងឈប់ប្រើបណ្តាញសង្គម “វ៉េបូ” (Weibo) ក៏ដោយ៕