ជាការពិតណាស់ ដោយសារតែបញ្ហាសុខភាពមិនទាន់ជាសះស្បើយពេញលេញ គួបផ្សំនឹងការមានបញ្ហាជាមួយភ្នាក់ងាររបស់នាង តារាសម្តែងស្រីចិនដ៏ល្បី ចាវ លូ ស៊ឺ (Zhao Lusi) បច្ចុប្បន្នបានឈប់សម្រាកពីវិស័យសិល្បៈដោយមិនកំណត់ពេលវិលមកវិញនោះទេ។
យ៉ាងណាមិញ ដោយហតុតែមិនចង់ឱ្យអ្នកគាំទ្រមានការនឹករលឹក នាងតែងតែធ្វើការ Live ដើម្បីជជែកលេងកម្សាន្តជាមួយអ្នកគាំទ្ររបស់នាងជានិច្ច។
ជាការពិតណាស់ ក្នុងការ Live របស់នាងគឺ មានទាំងអ្នកគាំទ្រពិត និងអ្នកគាំទ្រក្លែងក្លាយមួយចំនួនផងដែរ។ ក្នុងនោះ អ្នកដែលមិនមែនជាអ្នកគាំទ្រពិតប្រាកដរបស់នាង បានធ្វើការ បញ្ចេញមតិមិនល្អជាច្រើន ដោយបានចោទសួរទៅកាន់នាងថា តើនាងធ្វើការវះកាត់កែសម្ផស្សមែនទេ ទើបផ្អាកពីវិស័យសិល្បៈបែបនេះ? ជាមួយគ្នានេះ ចាវ លូ ស៊ឺ (Zhao Lusi) បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា "ខ្ញុំមិនបានធ្វើការវះកាត់កែសម្ផស្សនោះទេ ប៉ុន្តែប្រសិនបើមាននរណាម្នាក់ប្រាប់ថាខ្ញុំបានធ្វើការវះកាត់កែសម្ផស្ស ខ្ញុំនឹងសប្បាយចិត្ត ព្រោះមានន័យថាខ្ញុំមើលទៅស្អាតជាងមុន”។
នាងបន្តថា “តើការវះកាត់កែសម្ផស្សវាខុសច្បាប់មែនទេ? តាមពិតទៅ អ្នកណាៗក៏ចង់ស្អាតដែរ មនុស្សមួយចំនួននៅតែឈ្លក់វង្វេងនឹងរឿងអស់ទាំងនេះ ប្រសិនបើថ្ងៃខាងមុខ ខ្ញុំធ្វើការវះកាត់កែសម្ផស្សមែន ខ្ញុំសន្យាថានឹងចែករំលែកអាថ៌កំបាំងរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា”៕
