លោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ចាប សុវណ្ណ អនុប្រធានការិយាល័យកិច្ចការទូទៅ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃអគ្គនាយកដ្ឋានកីឡា និងលោក លីសាយម៉េង ជាជំនាញផ្នែកអភិឌ្ឍនគ្រូបង្វឹកកីឡាបាល់ទឹក និង ស៊ីងកាពួរអាខ្វថិត បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត1 នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាបាល់ទឹក កម្រិត១ នេះរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តថវិកាគាំទ្រសម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០២៥ សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាបាល់ទឹក កម្រិតI” ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
លោកអគ្គលេខាធិការ បានបន្តថា សិក្ខាកាមចូលរួមសិក្សាវគ្គបណ្តុះបណ្តាលសរុបចំនួន ២៥នាក់ ក្នុងនោះស្រី ៣នាក់។ការវាយតម្លៃវគ្គសិក្សាសិក្ខាកាមទទួលបាននិទ្ទេសល្អ ៨០ ភាគរយ និទ្ទេសល្អបង្គួរ ២០ ភាគរយ។ ចំណែកសិក្ខាកាមទាំងអស់យល់ដឹងយ៉ាងឆាប់រហ័ស ក្នុងការសិក្សាវគ្គបណ្តុះបណ្តាលខាងលើព្រោះភាគច្រើនសុទ្ធសឹងតែជាមន្រី្តពាក់ព័ន្ធក្នុងកីឡា និងជាគ្រូបង្វឹក។
ដោយទទួលបានការឯកភាពលោកឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធ ជាពិសេសក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា និងមានការសហការពីនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងភាគីពាក់ព័ន្ធមួយចំនួន ទើបអាចធ្វើឱ្យដំណើរការវគ្គសិក្សាមួយនេះសម្រេចបានជោគជ័យ ។ សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សានូវចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តផ្ទាល់ នៅលើទីលាន ។
លោក ហែម គីរី បានបញ្ជាក់ថា ការបង្កើតវគ្គនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ នឹងបទបង្ហាញបច្ចេកទេសថ្មីៗ របស់កីឡាបាល់ទឹក ដល់សិក្ខាកាមដែលពុំធ្លាប់បានសិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក ក៏ដូចជាបង្កើននូវធនធានគ្រូបង្វឹក ដើម្បីបណ្តុះបណ្តាលដល់កីឡាករ-កីឡាការិនីឲ្យក្លាយខ្លួនទៅជាកីឡាករ-កីឡាការិនីជម្រើសជាតិនាពេលអនាគត និងត្រៀមចូលរួមការប្រកួតកីឡាបាល់ទឹក រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក៕
