កាលពីថ្ងៃអង្គារ ទី9 ខែកញ្ញា តុលាការកំពូលរបស់ប្រទេសថៃ បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការគេចវេស ឬយកលេស សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជំនួសឲ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលមាតុប្រទេសវិញកាលពីឆ្នាំ 2023 បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល 15 ឆ្នាំ។ តុលាការកំពូលរបស់ប្រទេសថៃបានសម្រេចថា ការសម្រាកព្យាបាលរបស់លោក ថាក់ស៊ីន នៅក្នុងមន្ទីរពេទ្យ មិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ហើយជនជាប់ចោទ បានដឹងយ៉ាងច្បាស់ថា ស្ថានភាពសុខភាពរបស់ខ្លួន មិនស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះដែរ គឺគ្រាន់តែជាការគេចវេសដើម្បីគេចចេញពីការជាប់ពន្ធនាគារតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធធនាគាររយៈពេល 8 ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភលើអំណាច តែត្រូវបានបន្ធូរបន្ថយមកត្រឹមរយៈពេល 1 ឆ្នាំ ដោយព្រះមហាក្សត្ររបស់ប្រទេសថៃ ប៉ុន្តែក្រោយពេលមកដល់ប្រទេសថៃវិញ លោក ថាក់ស៊ីន មិនបានឃុំខ្លួននៅក្នុងពន្ធនាគារនោះទេ ដោយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យលំដាប់ VIP មួយកន្លែងក្នុងទីក្រុងបាងកក ក្រោមហេតុផលសុខភាពធ្ងន់ធ្ងរ ដោយលោក ថាក់ស៊ីន បានសម្រាកព្យាបាលអស់រយៈពេល 6 ខែ មុននឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។