ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីតាំងជាច្រើននៅទូទាំងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សចំនួន 62 នាក់បន្ថែមទៀត ខណៈដែលក្នុងចំណោមទីតាំងដែលរងការវាយប្រហារនោះ មានសាលារៀនមួយខ្នងដែលជាជម្រកជនភៀសខ្លួន ដែលបណ្តាលឲ្យមនុស្ស 8 នាក់ស្លាប់ ក្នុងនោះស្ត្រី 4 នាក់ និងកុមារ 4 នាក់។ យោធាអ៊ីស្រាអែលក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអះអាងថា ខ្លួនបានបំផ្លាញ "ផ្លូវរូងក្រោមដីដែលមានប្រវែងរាប់រយម៉ែត្រ" ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស សម្រាប់ "ប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល" នៅភាគខាងជើងតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញនូវអ្វីដែលលោកហៅថា ជា “ការព្រមានចុងក្រោយ” ទៅកាន់ក្រុមហាម៉ាស់ ឲ្យទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ដោយលោកបានបញ្ជាក់ថា "ប្រជាជនអ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ ហើយវាដល់ពេលហើយដែលក្រុមហាម៉ាស ត្រូវទទួលយក ខ្ញុំក៏បានព្រមានក្រុមហាម៉ាសអំពីផលវិបាកនៃការច្រានចោលសំណើនេះ ហើយនេះ ក៏ជាការព្រមានចុងក្រោយរបស់ខ្ញុំផងដែរ!។
