គិតត្រឹមថ្ងៃអាទិត្យ ទី07 ខែកញ្ញា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនដល់ប្រមាណ 65.000 នាក់ និងជាង 16 ម៉ឺន នាក់ផ្សេងទៀតបានរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បច្ចុប្បន្ននេះ បានអូសបន្លាយដល់ថ្ងៃទី 700 ហើយ ដោយបានបន្សល់ទុកនូវគ្រោះមហន្តរាយមនុស្សធម៌យ៉ាងខ្លាំង ខណៈដែលសង្រ្គាមនេះ បានធ្វើឲ្យមនុស្សប្រមាណ 70.000 នាក់ស្លាប់ ឬបាត់ខ្លួន ក្នុងនោះរួមមានទាំងកុមារជាង 20.000 នាក់ និងស្ត្រី 12.500 នាក់ ស្របពេលដែល 90 ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធទូទាំងតំបន់ ត្រូវបានបំផ្លាញ និងការខាតបង់សេដ្ឋកិច្ចលើសពី 68 ពាន់លានដុល្លារអាមេរិក។