ដូចទស្សនិកជនអ្នកគាំទ្របាល់ទាត់កម្ពុជា បានជ្រាបហើយថា ចុងសប្ភាហ៍កន្លងទៅ ត្រូវនឹងថ្ងៃអាទិត្យទី១៤ គឺជាការប្រកួតបាល់ទាត់ពានរង្វាន់លីគយុវជន និងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ក្នុងនោះក្រុមបាល់ទាត់គ្រប់ឈុតរបស់កងយោធពលខេមរភូមិន្ទ គ្រប់ឈុតបានធ្វើការប្រកួតព្រមទាំងបង្ហាញទម្រង់លេងបានយ៉ាងល្អគួរឲ្យកត់សំគាល់ផងដែរ។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី១៤ កញ្ញា ២០២៥ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់លីគយុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៥ ក្រុមយុវជនកងយោធពលខេមរភូមិន្ទបានប្រកួតឈ្នះក្រុមយុវជនព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល៧ ទល់នឹង១ ក្រោមការដឹកនាំប្រកួតដោយលោក អ៊ុំ សាវង្ស ជាគ្រូបង្គោល ។

មហាជនប្រហែលមិនទាន់ភ្លេចឈ្មោះលោក គ្រូអ៊ុំ សាវង្ស ដែលជាគ្រូពូកែបណ្ដុះបណ្ដាយយុវជននោះទេ  ដោយលោកគ្រូធ្លាប់ជាគ្រូបង្គោលជម្រើសជាតិបាល់ទាត់នារីកម្ពុជា,ធ្លាប់ជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ,អតីតគ្រូជំនួយក្រុមបាល់ទាត់ក្រសួងការពារជាតិនិងបច្ចុប្បន្នលោក ជាគ្រូបង្គោលយុវជនរបស់កងយោធពលខេមរភូមិន្ទផងនោះបាននិងកំពុង កសាងកីឡាករថ្នាលជំនាន់ថ្មីមួយទៀត ដ៏គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីលេងបាន៥ប្រកួតនៃ លីគយុវជនអាយុក្រោម១៨ឆ្នាំ ឈ្នះទាំង ៥ប្រកួត ឈរកំពូលតារាងដោយមាន ១៥ពិន្ទុពេញ។

ចំណែកយុវជនអាយុក្រោម១៦ឆ្នាំកងយោធពលខេរមភូមិ ក្រោមការដឹកនាំរបស់លោក ប៊ួយ ភារម្យ ជាគ្រូបង្គោលយុវជន១រូប ក៏បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងនៅលីគយុវជនផងដែរ ដោយបានប្រកួតឈ្នះ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥ទល់និង១ នៅថ្ងៃចុងសប្ភាហ៍ដូចគ្នាខណៈ៥ប្រកួត ឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់មួយប្រកួត មាន១០ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៣បណ្ដោះអាសន្ន។

ចំណែកក្រុមធំរបស់កងយោធពលខេមរភូមិន្ទវិញ ក៏មិនធម្មតាដែរនៅរដូវកាលឆ្នាំថ្មីនេះ ក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា ជាគ្រូបង្គោលគឺមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ៤ប្រកួតឈ្នះ១ស្មើ៣ប្រកួតជាប់គ្នា គិតត្រឹមសប្ភាហ៍ទ៤នេះដោយប៉ះសុទ្ធតែក្រុមខ្លាំងក្នុងតំណែងTop6 រដូវកាលឆ្នាំចាស់ ដោយប្រកួតឈ្នះ ក្រុមវិសាខា ២ទល់និង១ ,ស្មើគ្នា១ទល់និង១ ជាមួយក្រុមណាហ្គាវើលដ៍ ,ស្មើគ្នាជាមួយភ្នំពេញក្រោន១ទល់និង១ និងស្មើគ្នា១ទល់និង១ជាមួយក្រុមបឹងកេត។