មន្ត្រីកីឡា២រូបពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយឯកឧត្ដម ញ៉ាន សុខវិសាល បានចូលរួមកិច្ចប្រជុំនាយបេសកកម្មសំរាប់ការប្រកួតកីឡាអាស៊ីហ្គេម នាក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ប្រព្រឹត្តពីចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្ដម ញ៉ាន សុខវិសាល មានប្រសាសន៍ថា កិច្ចប្រជុំដ៏សំខាន់ខាងលើមានការចូលរួមពីនាយបេសកកម្មមកពី៤៥ប្រទេសក្នុងទ្វីបអាស៊ី ហើយសមាជិកទាំងអស់បានទទួលស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពការរៀបចំការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី២០២៦របស់ជប៉ុន ក៏ដូចជារបាយការណ៍ផ្សេងៗពីក្រុមប្រឹក្សាកីឡាអាស៊ី។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូទាំងអស់បានចូលរួមទស្សនាទីតាំងប្រកួត កន្លែងស្នាក់នៅ និងហូបចុករបស់អត្តពលិក និងទីតាំងពិធីបើកបិទផងដែរ។
ឯកឧត្តម ញ៉ាន សុខវិសាល បន្ថែមថា ក្រៅពីកិច្ចប្រជុំនាយបេសកកម្ម ម្ចាស់ផ្ទះជប៉ុនបានរៀបចំពិធីរាប់ថយក្រោយរយៈពេលមួយឆ្នាំឆ្ពោះទៅកាន់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម។ អ្វីកាន់តែពិសេសនោះ កម្ពុជាស្ថិតក្នុងចំណោមគណៈកម្មាធិការជាតិអូឡាំពិកចំនួន៦ដែលត្រូវបានជ្រើសរើសចូលរួមពិធីរាប់ថយក្រោយ ដោយសារតែកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមឆ្នាំ២០២៦ នៅក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន នឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
