កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀង ពេជ្រ ថៃ ដែលជាម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធី The Voice Kids Cambodia រដូវកាលទី១ បានបង្ហោះវីដេអូលើបណ្តាញសង្គម ពីការបើកបរឡានជាលើកដំបូងរបស់ខ្លួន នៅក្នុងព្រលានយន្តហោះខេត្តបាត់ដំបង ព្រោះចង់សាកទឹកដៃនៃការបើកឡាន។ នៅក្នុងការបង្ហោះនោះ ពេជ្រ ថៃ ក៏បានសុំការអធ្យាស្រ័យពីពុកម៉ែបងប្អូនទុកជាមុនផងដែរ រឿងបើកឡានមិនបានដាក់ខ្សែក្រវ៉ាត់ការពារ ក៏ព្រោះតែខ្លួនយល់ឃើញថាផ្លូវនៅក្នុងព្រលានយន្តហោះនោះមានសភាពស្ងប់ស្ងាត់ ទើបមិនបានអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ។
យ៉ាងណាមិញ បើទោះបីជា តារាចម្រៀងមាឌល្អិតរូបនេះ បានធ្វើការសុំទោសមហាជនរឿងបើកឡានមិនបានដាក់ខ្សែក្រវ៉ាត់ក្តី ក៏ពួកគេនៅតែរិះគន់មិនសំចៃមាត់ទៅលើរឿងនេះដដែល។
ដោយឃើញថា មានមហាជនរិះគន់ច្រើនពេក ពេជ្រ ថៃ បានបង្ហោះវីដេអូនៃការបើកឡានថ្មីមួយទៀត អមជាមួយសំណេរខ្លីមួយតបទៅកាន់មតិរិះគន់ទាំងនោះយ៉ាងដូច្នេះថា៖ “ឥឡូវនេះដាក់ខ្សែក្រវ៉ាត់ហើយបាទ តាមលំដាប់លំដោយ សូមបញ្ជាក់ខ្ញុំមិនមែនរៀនបើកឡានទេ ខ្ញុំមកហាត់ប្រាណនៅព្រលានបាត់ដំបង ចៃដន្យជួបបងប្រុសអ្នកស្រុកជាមួយគ្នា ក៏ឡើងមកសាកទឹកដៃ ក៏ឃើញផ្លូវស្ងាត់បានអត់ពាក់ខ្សែក្រវ៉ាត់”៕
