សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានប្រកាសពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ នៅ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥  ក្រោមអធិបតីភាពឯកឧត្តម ឯម  ម៉ាអូរី  អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាទទួលបន្ទុកបច្ចេកទេស នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាទូកប្រពៃណី។

លោក គង់ សុភាព អ្នកគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា យោងតាមផែនការកសាងធនធានមនុស្ស ប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូងកម្ពុជា ទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា ឱ្យសហព័ន្ធសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង រៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ" ថ្នាក់ជាតិ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

អ្នកគ្រប់គ្រងវគ្គបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្នុងនោះនារី ចំនួន ៤ នាក់មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹក មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។

ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ” ថ្នាក់ជាតិឆ្នាំ២០២៥ គឺ បាន ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងគ្រូបង្វឹក ក្នុងការជំរុញពង្រឹង គុណភាពគ្រូបង្វឹកឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្ហាត់បង្រៀន តាមបណ្តាសមាគមក្រសួង រាជធានី ខេត្តរបស់ខ្លួន៕