ភ្នំពេញ ៖ 

រថភ្លើងដឹកប្រេង១ខ្សែ ខណៈពេលកំពុងតែបើកបរសុខៗ ស្រាប់តែក្បាលរថភ្លើងនោះមានភ្លើងឆាបឆេះឡើងសន្ធោសន្ធៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនិងក្រុមការងាររថភ្លើងនោះរួមគ្នាពន្លត់ទាន់ ។

ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចជិតមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបាននិយាយថា ក្បាលរថភ្លើងខាងលើមានលេខសម្គាល់៦៥៣៥ សណ្ដោងទូដឹកប្រេងជាច្រើនសុីទែន ហើយនៅមុនពេលកើយហេតុបានបើកបរតាមផ្លូវដែកខ្សែភ្នំពេញ-បាត់ដំបង ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាក្បាលរថភ្លើងនេះឡើងកម្ដៅខ្លាំងពេក ឬក៏ឆ្លងចរន្តអ្វីមួយនោះទេទើបបណ្ដាលឲ្យមានភ្លើងឆាបឆេះតែម្ដង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះរថភ្លើងបានឈប់ ហើយប្រជាពលរដ្ឋនិងក្រុមការងាររថភ្លើងនេះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ និងដងទឹកជះពន្លត់រហូតភ្លើងថមថយ ។ បន្ទាប់មកអាជ្ញាធរបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅបាញ់ពន្លត់ភ្លើង រហូតរលត់ទៅវិញទាំងស្រុង។  

ដោយឡែក ក្រុមការងាររថភ្លើង បានផ្ដាច់ទូប្រេង ចេញពីក្បាលរថភ្លើង រួចយកក្បាលរថភ្លើង១គ្រឿងផ្សេងទៀតទៅអូសយកទូប្រេងទាំងនោះត្រលប់ក្រោយវិញ៕