ភ្នំពេញ៖
អ្នកបកប្រែភាសាចិនម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធរក្សាទុកនិងកាន់អាវុធខ្លីមួយដើមដោយខុសច្បាប់។
ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា មានឈ្មោះ លឹម សុភ័ក្រ្តា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែចិន។
តាមនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទីយប់រំលងអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ចំការលាភ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ដកហូតសម្ភារៈរួមមាន៖ កាំភ្លើងខ្លីចំនួន០១ដើម មិនស្គាល់ម៉ាក ពណ៌ទឹកមាស លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ៦) និងគ្រាប់កាំភ្លើងចំនួន០៦គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ នាំយកមកនាយដ្ឋានដើម្បីធ្វើការសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
