កណ្ដាល៖ 

បុរសជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅភូមិដីឥដ្ឋកោះ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វៀង វ៉ាន់ញ៉ាង ហៅ វី (ប្រុស, ៣៣ឆ្នាំ) ដែលជាជនជាតិវៀត ណាម។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀន នៅ ចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះភ្លាមៗតែម្ដង។

ពេលធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់តូច ដែលមានទម្ងន់សរុប ១,២២ក្រាម និងទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិច ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ៧កញ្ចប់នោះជារបស់ ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសជនជាតិវៀតណាមម្នាក់នៅម្តុំគល់ស្ពានកោះនរា ខណ្ឌច្បារអំពៅ ក្នុងតម្លៃ ៣០០.០០០រៀល។ ជនសង្ស័យបានបន្តថា ខ្លួនបានយកថ្នាំញៀន នោះ មករំលែកវេចខ្ចប់បានចំនួន ១៨កញ្ចប់តូច ហើយបានលក់អស់ចំនួន ១១កញ្ចប់តូច។ គាត់ក៏បានសារភាពថាខ្លួនធ្លាប់ទិញគ្រឿងញៀនពីបុគ្គលនេះអស់ចំនួន ១៥ដងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុក កៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕