ភ្នំពេញ៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់នាំយកទៅចាត់ការតាមច្បាប់ ក្រោយពីជននេះប្រើកាំបិតកាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឲ្យរបួសដៃ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ៨៥BT ស្ថិតនៅក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសដែលជាជនដៃដល់ខាងលើនោះ ឈ្មោះ ចាន់ សុមានិត អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ ស្ថិតនៅជាកន្លែងកើតហេតុខាលើនោះដែរ និងធ្លាប់ជាប់នៅមណ្ឌលបន្សោបគ្រឿងញៀន កាលពីឆ្នាំ២០២៤ម្ដងមកហើយ ។ 

ដោយឡែក បុរសរងគ្រោះឈ្មោះ យ៉ាង ក្រូច អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័ រងរបួសដៃនិងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះនិងជនដៃដល់ បានមានទំនាស់គ្នាតាំងពីវេលាយប់ថ្ងៃទី១៤ ខែកញ្ញាមកម្ល៉េះ ខណៈពេលដែលជនរងគ្រោះបានទៅផឹកស៊ីនៅផ្ទះមិត្តភក្ដិស្ថិតនៅជិតផ្ទះជនដៃដល់ដែរ។ 

ប៉ុន្តែទំនាស់នោះបានស្ងប់ស្ងាត់ទៅវិញ ហើយជនរងគ្រោះបាននៅផឹកស៊ីទីនោះ បន្តទៀតរហូតដល់ព្រឹកថ្ងៃកើតហេតុ ខណៈជនរងគ្រោះកំពុងអង្គុយផឹកស៊ីនៅមុខផ្ទះមិត្តភក្ដិ ក៏ស្រាប់តែជនសង្ស័យចេញទៅវាយ ហើយក៏ត្រូវជនរងគ្រោះវាយតបតវិញ ។ 

ប្រភពដដែល បានប្រាប់ទៀតថា ពេលនោះ ជនដៃដល់បានរត់ចូលទៅក្នុងផ្ទះយកកាំបិតមកកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះយកកៅអីរង បណ្ដាលឲ្យត្រូវដៃរងរបួស ។ បន្ទាប់មកជនដៃដល់បានរត់គេចខ្លួនចូលក្នុងផ្ទះ ហើយក៏ត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យចុះទៅឃាត់ខ្លួនជនដៃដល់រូបនោះនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕