ភ្នំពេញ៖
បុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងថាមានវិបត្តិអ្វីឲ្យប្រាកដទេ បាន ព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនម្ដងហើយម្ដងទៀត ប៉ុន្តែមិនស្លាប់ ដោយគ្រាន់តែរងរបួសធ្ងន់ បន្ទាប់មក ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ បានដឹកយកទៅកាន់មន្ទីរពេទ្យដើម្បី សង្រ្គោះបន្ទាន់ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះមុនដំបូង បានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចជិតផ្សារដេប៉ូ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ខណៈនោះបុរសខាងលើ បានឡើងទៅចងក សម្លាប់ខ្លួននៅលើដើមឈើ ដោយបានយកក្បាលស៊កចូលក្នុងរង្វង់ខ្សែក្រណាត់ទាក់ក ខ្លួនឯង រួចទម្លាក់ខ្លួនចុះច្រើនដង។ ប៉ុន្តែពេលថប់ដង្ហើមខ្លាំងពេក បុរសនោះបានស្រវាតោងខ្សែឡើងលើដើមឈើនិងដោះក ចេញពីខ្សែវិញ ទើបមិនស្លាប់ហើយទីបំផុត របូតដៃធ្លាក់មកដី ទើបនគរបាលនាំទៅសួរនាំនៅប៉ុស្តិ៍ ។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថាពេលទៅដល់ប៉ុស្តិ៍ បុរសនោះប្រាប់នគរបាលថា ខ្លួន មិនអីទេ ធម្មតាវិញហើយ។ មុននេះគ្រាន់តែជំងឺធ្វើទុក្ខប៉ុណ្ណោះ រួចសុំប្រាក់នគរបាលចំនួន ៥ពាន់រៀល និងឲ្យនគរបាលជួយហៅម៉ូតូកង់បីជិះ ដោយប្រាប់ថាទៅផ្ទះបងប្អូននៅម្ដុំវត្តភ្នំ ។ បន្ទាប់មក ក៏ចាកចេញបាត់ លុះវេលាម៉ោងជាង៣រសៀលថ្ងៃដដែលនោះ បុរសខាងលើ បានទៅដល់វត្តកំបូល ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ ។
ប្រភពខាងលើ បានបញ្ជាក់ថាពេលទៅដល់ បានឡើងទៅលើបង្គោលស្លាកប៉ាណូនៅក្នុងវត្ត រួចលោតសម្លាប់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងមេឃ កំពុងធ្លាក់ភ្លៀង ។ បន្ទាប់ពីឃើញបែបនេះ ព្រះសង្ឃក្នុងវត្តកំបូល បានសួរនាំបុរសនេះបាន ប្រាប់ថាខ្លួនពិបាកចិត្តព្រោះតែជំពាក់លុយធនាគារច្រើនគ្មានលុយសងធនាគារ ទើបលែង ចង់រស់តទៅទៀតហើយ ។ ក្រោយពេលកើតហេតុ ក្រុមសង្រ្គោះអង្គភាព៧១១ បានដឹក យកបុរសនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ៕
