កណ្តាល៖
ជនសង្ស័យជាចោរដៃឆើត ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ហ៊ានឆ្កឹះសោរ រហូតពីរជាន់ លួចយកម៉ូតូបាន ដែលករណីនេះ បានកើតហេតុកាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៥ នៅចំណុច ផ្ទះជួលស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ អស់រយ:ពេល០៥ថ្ងៃ ទីបំផុត ក៏ឃាត់ខ្លួនវាយខ្នោះបានសម្រេច នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៥ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា÷ស្ត្រីរងគ្រោះមានឈ្មោះ ឃុត សុខហេង អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ រីឯសម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1KC-3884 ។ ចំនែកជនសង្ស័យឈ្មោះ ឌិន ស៊ីដារ៉ូ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ ( វិជ្ជមានសារធាតុញៀន) ស្នាក់នៅបន្ទប់ជួល ក្បែបន្ទប់ជួលស្ត្រីរងគ្រោះ ក្នុងភូមិសង្កាត់កើតហេតុ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកនាយប៉ុស្តិ៍ដើមមៀន ក៏បានធ្វើសេចក្តីរាយការណ៍គោរពជូនលោកអធិការ ដោយលោកអធិការ ក៏បានបញ្ជាកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ដើមមៀន និងបានការចូលរួមសហការពីម្ចាស់ផ្ទះជួល ឆែកកាំមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ និង ស្គាល់ភិនភាគជនសង្ស័យយ៉ាងច្បាស់ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបានយកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោលួចយកម៉ូតូ របស់ស្ត្រីរងគ្រោះពឹតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
