បន្ទាប់ពីប្រកួតចប់នៅលើវេទិកា មីស ខូសម៉ូ ពីរពាន់ម្ភៃបួន (Miss Cosmo 2024) ជាមួយនឹងតំណែង ថប់ធេន (Top 10) ឬដប់រូបចុងក្រោយរួចមក បវរកញ្ញាសម្បុរស្រអែមស្រស់ អ៊ិន លក្ខិណា បានធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួន កាន់តែហក់ឡើងខ្ពស់ស្ទើរតែមិនគួរឱ្យជឿ។ លក្ខិណា មិនត្រឹមតែទទួលបានការគាំទ្រពីមហាជននៅក្នុងស្រុកប៉ុណ្ណោះ បើក្រឡេកទៅមើលអ្នកគាំទ្រអន្តរជាតិវិញ បវរកញ្ញារូបនេះ ក៏ទទួលបានក្តីស្រឡាញ់និងចូលចិត្តយ៉ាងច្រើនពីពួកគេផងដែរ។ យ៉ាងណាមិញ ក្រោយពេលផ្ទេរតំណែងទៅកាន់សិស្សប្អូនដែលជា Miss Cosmo Cambodia 2025 កាលពីពេលកន្លងទៅ ប្រជាប្រិយភាព និងទីផ្សារការងាររបស់ លក្ខិណ មិនថមថយនោះឡើយ។ លក្ខិណា តែងតែទទួលបានការងារជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក។ តួយ៉ាង កាលពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗនេះ បវរកញ្ញា អ៊ិន លក្ខិណា បានចូលរួមកម្មវិធីដើរបង្ហាញម៉ូតនៅប្រទេសវៀតណាម ដែលមានឈ្មោះថា TikTok Shop Thoi Trend Runway ដោយមានការចូលរួមពីម៉ាកយីហោរក្នុងស្រុកល្បីៗជាច្រើន។
ទន្ទឹមនឹងការមមាញឹកនេះ ស្រីស្អាត អ៊ិន លក្ខិណា ស្រាប់តែបានបង្ហាញមុខជាតួអង្គឯកនៅក្នុងភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម Sastra Film ដែលមានចំណងជើងថា “សហាយព្រាយ” បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។
បើតាមការឱ្យដឹង នេះគឺជារឿងខ្នាតធំលើកដំបូងរបស់ លក្ខិណា ដែលបានចូលរួមសម្តែង និងត្រៀមចាក់បញ្ចាំងនៅតាមរោងកុននានា ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះហើយ៕
