ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងផ្នែកបុរស និងនារី សុទ្ធតែដណ្តើមបានកៅអីឡើងទៅប្រកួតជម្រុះជុំចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក ប្រចាំឆ្នាំ២០២៥ (IESF Esports World Championship 2025) បន្ទាប់ពីពួកគេ ដណ្តើមចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ (IESF Southeast Asia Qualifier 2025) កាលពីពេលថ្មីៗនេះ។

ដោយឈរនៅពូល B ក្រុមកីឡាករជម្រើសជាតិ Esports កម្ពុជា បានចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ២-១ តែពួកគេបានយកឈ្នះក្រុមជម្រើសជាតិឡាវ ជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិហ្គាំ ដោយលទ្ធផល ២-០ ដូចគ្នា ហើយឈ្នះ៣ និងចាញ់១ប្រកួតនេះ បានជួយឱ្យក្រុមកម្ពុជា ទទួលបានលេខ២ ប្រចាំពូលB ខណៈក្រុមឥណ្ឌូនេស៊ី ឈរនៅចំណាត់ថ្នាក់លេខ១ ដោយឈ្នះទាំង៤ប្រកួត។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកីឡាករ Esports កម្ពុជា ធ្វើបានកាន់តែល្អ ដោយពួកគេបានទម្លាក់ក្រុមលេខ១មកពីពូល A គឺក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ២-០ រីឯក្រុមឥណ្ឌូនេស៊ី ក៏បានទម្លាក់ក្រុមលេខ២មកពីពូល A របស់មីយ៉ាន់ម៉ា នៅក្នុងវគ្គនេះដូចគ្នា។

លទ្ធផលនេះ បានជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ឡើងទៅជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀត ហើយវាក៏ជាពេលដែលពួកគេ អាចសងសឹកក្រុមឥណ្ឌនេស៊ី បានសម្រេចផងដែរ តាមរយៈការយកឈ្នះដោយលទ្ធផល ២-១ វិញ ដើម្បីក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់អាស៊ាន រីឯក្រុមឥណ្ឌូនេស៊ី បានជាប់ចំណាត់ថ្នាក់លេខ២។

ចំណែកការប្រកួត IESF Southeast Asia Qualifier 2025 ផ្នែកនារី ដែលទើបបានបញ្ចប់ កាលពីយប់ថ្ងៃទី៤ ខែកញ្ញានេះ គឺក្រុមកីឡការិនី Esports កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ២ ប្រចាំពូលA បន្ទាប់ពីក្រុមនារីម៉ាឡេស៊ី ដោយបានឈ្នះ៣ និងចាញ់១ប្រកួត គឺក្រុមនារីកម្ពុជា បានចាញ់ក្រុមនារីម៉ាឡេស៊ី ២-០ តែបានឈ្នះក្រុមកីឡាការិនីជម្រើសជាតិឡាវ ព្រុយណេ និងក្រុមនារីទីម័រខាងកើត ២-០ ដូចគ្នា។

ដោយឡែកការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា បានទម្លាក់ក្រុមកីឡាការិនីជម្រើសជាតិហ្វីលីពីន ដែលទទួលបានលេខ១ ប្រចាំពូល B ដោយលទ្ធផល ២-០ ស្របពេលក្រុមកីឡាការិនីម៉ាឡេស៊ី បានយកឈ្នះក្រុមនារីថៃ ដូចគ្នា ហើយការឡើងទៅជួបគ្នាជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រ គឺក្រុមនារីកម្ពុជា នៅតែបន្តចាញ់ក្រុមនារីម៉ាឡេស៊ី ២-០ ដដែល។

តាមរយៈការទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំតំបន់អាស៊ាននេះ វានៅតែជួយឱ្យក្រុមកីឡាការិនីជម្រើសជាតិ Esports កម្ពុជា ទទួលបានឱកាសឡើងទៅប្រកួតជុំចុងក្រោយ IESF Esports World Championship 2025 ជាថ្មីម្តងទៀត ជាមួយក្រុមលេខ១ ម៉ាឡេស៊ី ខណៈការប្រកួតជើងឯកពិភពលោកនេះ កាលពីឆ្នាំ២០២៤ ក្រុមនារីកម្ពុជា ទទួលបានលេខ២ ហើយក្រុមនារីម៉ាឡេស៊ី បានក្លាយជាម្ចាស់ជើងឯក។

ទាក់ទងទៅនឹងការប្រកួតជុំចុងក្រោយទាំងផ្នែកបុរស និងនារី ក្នុងព្រឹត្តិការណ៍ IESF Esports World Championship 2025 នេះ មន្រ្តីសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានប្រាប់នៅថ្ងៃសុក្រនេះថា សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ នៅមិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណា ដែលត្រូវទទួលធ្វើម្ចាស់ផ្ទះនៅឡើយទេ៕