មហាជនអ្នកគាំទ្រ បាននិងកំពុងស្ងើចសរសើរនូវទឹកចិត្តដ៏មុះមុតរបស់កញ្ញា កុយ អេនណា ក្នុងការបង្កើតបេសកកម្ម ដើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ជាលើកដំបូងរបស់ខ្លួន ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍»។ បេសសកម្មនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពីរសំខាន់ៗ ដូចជា ដើម្បីរៃអង្គាសថវិកាសប្បុរស ជួយគាំទ្រដល់ក្មេងៗ ឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និង ដើម្បីផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប ។
ក្នុងដំណើរដើរលើដងវិថីដ៏វែងឆ្ងាយ ដែលមានរយៈចម្ងាយ ៣១២ គីឡូម៉ែត្រ ពី ភ្នំពេញ-សៀមរាប កញ្ញា កុយ អេនណា បានទទួលបានភាពកក់ក្តៅ និងក្តីស្រឡាញ់ពីពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់ខ្លួនជាហូរហែ។ នេះបើយោងតាមការចែករំលែកវីដេអូមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់របស់ កញ្ញា កុយ អេនណា។
ជាមួយគ្នានេះ បើសិនជាមហាជន មានបំណងចង់រួមជាផ្នែកមួយនៃមូលនិធិមួយនេះ បងប្អូនអាចចូលរួមជាថវិកាតាមកម្លាំងសទ្ធា ដោយធ្វើការស្កេនតាមរយៈ QR Code ដែលមាននៅលើផ្ទាំងផុសស្ទើរ៍របស់កញ្ញាបានផងដែរ។
គួរឱ្យដឹងបន្ថែមថា បេសកកម្មដើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» នឹងទទួលបរិច្ចាគថវិកាសប្បុរស ចាប់ពីថ្ងៃចេញដំណើរ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅនៅខេត្តសៀមរាប៕
