បើនិយាយពីប្រុសស្អាតមុខកូនចៅចិន រឹម ហាក់ហេង ប្រាកដណាស់ថាអ្នកនិយមតាមដានវិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មវិធីប្រកួតបុរសឯកផ្ទាល់តែម្តង នឹងបានស្គាល់តារាប្រុសរូបសង្ហានេះជាក់ជាពុំខាន។ មែនទែនទៅ ហាក់ហេង ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈ តាមរយៈកម្មវិធីប្រកួតបុរសឯកចំនួនពីរដងរួចមកហើយ ក្នុងនោះ លោកធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational Cambodia ឆ្នាំ ២០២៣ ដោយទទួលបានតំណែងជាលំដាប់រងទី ២ និង កម្មវិធី Mister Friendship Cambodia ឆ្នាំ ២០២៣ ដោយទទួលបានតំណែងជាលំដាប់រងទី ១។ បន្ទាប់ពីការប្រកួតទាំងនេះ ហាក់ហេង ក្តោបបានទីផ្សារជាតារាសម្តែងទាំងនៅក្នុងភាពយន្ត និងវីដេអូចម្រៀងជាហូរហែ។ ដោយឡែក ក្រោយពេលបង្ហាញវត្តមានជាភ្ញៀវកិត្តិយសនៅក្នុងរាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធី បវរកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៥ កាលពីពេលថ្មីៗនេះ ហាក់ហេង បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងកាក់កបជាមួយការថត TVC ស្ពតពាណិជ្ជកម្ម រឿងដុំនិងរឿងភាគ ដែលត្រៀមនឹងចាក់បញ្ចាំងលើផ្ទាំងក្រណាត់សតាមរោងកុនក្នុងស្រុកនៅទូទាំងប្រទេស និងនៅលើប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកផ្សេងៗផងដែរ។ ដ្បិតថាមួយរយៈពេលនេះមានការមមាញឹកជាមួយវិស័យសិល្បៈក្តី ក៏មានមហាជនអ្នកគាំទ្រ ហាក់ហេង ជាច្រើន បាននិងកំពុងទទូចឱ្យលោកវិលមកចូលវិស័យប្រកួតបុរសឯកម្តងទៀត ដើម្បីសម្រេចគោលដៅជាម្ចាស់ជ័យលាភីលេខ១ ដើម្បីទៅតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយនឹងការស្នើសុំរបស់អ្នកគាំទ្រ លោកបានតបបែបនេះថា លោកមិនទាន់គិតចង់វិលត្រលប់មកកាន់វិស័យប្រកួតបុរសឯកនៅពេលនេះនោះទេ ដោយលោកចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយបានបញ្ចេញសមត្ថភាពម្តង។ ហាក់ហេង បន្តថា ទោះបីជាលោកទទួលតំណែងណាមួយក៏ដោយ ក៏តំណែងទាំងនោះមានន័យសម្រាប់លោកដែរ អ្វីដែលសំខាន់គឺការដែលមានតំណែងលេខ១ នៅក្នុងចិត្តរបស់យើងទៅបានហើយ៕