ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិប័តន៍ដើម្បីរំលឹក ឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព ស ២៥៦៩ ដែលជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋជាតិខ្មែរទូទាំងប្រទេសបានចូលរួមគោរពពិធីកាន់បិណ្ឌទី១ ដើម្បីប្រារព្ធប្រពៃណីបុណ្យសាសនាប្រចាំឆ្នា ព្រោះនេះ ជាបុណ្យប្រពៃណីដ៏មានសារៈសំខាន់ ដែលបង្ហាញពីការដឹងគុណចំពោះមាតាបិតា សាច់ញាតិ និងបុព្វការីជនដែលបានលាចាកទៅលោកខាងមុខ ហើយនេះក៏ជាឱកាសឲ្យក្រុមគ្រួសាររួមគ្នា និងចែករំលែកសេចក្ដីសុខ ផល្លានិសង្ឃរៀងៗខ្លួន។
តួយ៉ាងនៅក្នុងថ្ងៃនៃពិធីកាន់បិណ្ឌទី១នេះផងដែរ ឯកឧត្តម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាកងយោធពលខេរមភូមិន្ទ និងលោកជំទាវ ហង្ស ម៉ាណាន ព្រមទាំងបុត្រា បុត្រី បានអញ្ញើញចូលក្នុងពិធីកាន់បិណ្យវេណទី១ នៅវត្តវេឡុងវនារាម ហៅវត្តព្រៃប្ញស្សី ស្ថិតនៅសង្កាត់បឹងធំ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ក៏បាននាំយកនូវ ចង្ហាន់ មានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និងបច្ច័យយកទៅប្រគេនព្រះសង្ឃ ព្រមទាំងរាប់បាត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះ សូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។
