កាលពីថ្ងៃអង្គារ ទី2 ខែកញ្ញា ប្រទេសវៀតណាម បានប្រារព្ធខួបលើកទី 80 នៃការប្រកាសឯករាជ្យរបស់ខ្លួនពីអាណានិគម ជាមួយនឹងក្បួនដង្ហែយោធាដ៏ធំបំផុត។ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដែលភាគច្រើនពាក់អាវពណ៌ក្រហម និងកាន់ទង់ជាតិ នៅក្នុងការបង្ហាញពីការស្នេហាជាតិ ជាមួយនឹងការបង្ហាញគ្រឿងសព្វាវុធយោធាដ៏ទំនើប រួមមានរថក្រោះ កាំជ្រួចមីស៊ីល ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាច្រើនប្រភេទ។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមទទួលបានឯករាជ្យពេញលេញមួយកាលពីថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 1945 បន្ទាប់ពីការធ្វើអាណានិគមរបស់ប្រទេសបារាំង អស់រយៈពេលជិតមួយសតវត្ស និងការកាន់កាប់របស់ប្រទេសជប៉ុនរយៈពេលខ្លីក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី 2។
