ភ្នំពេញ៖
ក្រោយជំនន់ទឹកភ្លៀងលិចផ្លូវជាតិលេខ៤ត្រង់ចំណុចខាងលិចស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនិងតំបន់ជិតនោះច្រើនថ្ងៃមិនព្រមស្រកទៅវិញនោះ ។ នៅវេលាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ សាលាបាលរាជធានីភ្នំពេញ សហការជាមួយសាលាខណ្ឌពោធិ៍សែនជ័យ និងសាលាសង្កាត់ចោមចៅទី៣ បានដាក់ម៉ាស៊ីនបូមទឹកចំនួន៦គ្រឿងទៅបូមទឹកចេញហើយ ។
ក្រុមការងាររបស់អាជ្ញាធរខាងលើ បានបូមទឹកពីគន្លងផ្លូវចូលរាជធានីភ្នំពេញ(គន្លងផ្លូវខាងត្បូង) ដែលលិចខ្លាំងទម្លាក់ចូលទៅគន្លងផ្លូវចេញពីរាជធានីភ្នំពេញ (គន្លងផ្លូវខាងជើង) ដែលទឹកអាចហូរបានមិនមានការចាល់ស្ទះដូចនៅប៉ែកខាងត្បូងឡើយ ។ បើគិតមកដល់ត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា បើទោះជាបូម១យប់ហើយក្ដី ទឹកនៅតែលិចផ្លូវដដែលស្រកតិចតួចប៉ុណ្ណោះ ព្រោះទឹកបានហូរមកពីតំបន់ជិតនោះទាំងអស់ ទាល់តែប្រើពេលច្រើនថ្ងៃននិងពុំមានភ្លៀងបន្ត ទើបទឹកឆាប់ស្រកទៅវិញដូចដើម ។
លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ថា ដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃហើយទឹកហូរមកពីតំបន់នានានៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល និងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញផងនោះ ។ ទើបធ្វើឲ្យជន់លិចផ្លូវជាតិលេខ៤ត្រង់ចំណុចខាងលើ ហើយកន្លងមកទឹកទាំងអស់បានហូរធ្លាក់ទៅកាន់ប៉ែកខាងត្បូងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងហូរធ្លាក់ទៅក្រោមៗបន្តទៀត ។
លោកចៅសង្កាត់បានប្រាប់ទៀតថាប៉ុន្តែដោយសារតែទឹកច្រើនពេកហើយនៅផ្នែកខាងក្រោមនោះទឹកពេញចាល់មិនអាចហូររួច ទើបបណ្ដាលឲ្យមានការជនលិចបែបនេះ ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងទុកឲ្យទឹកលិចផ្លូវយូរនាំខូចផ្លូវផងនោះ សាលារាជធានីភ្នំពេញ ក៏បានដាក់ម៉ាស៊ីនបូមទឹកចេញ ទម្លាក់ទៅប៉ែកខាងជើងផ្លូវជាតិលេខ៤ ព្រោះតំបន់នោះមិនមានការស្ទះទឹកដូចនៅផ្នែកខាងត្បូងផ្លូវឡើយ ៕