កំពង់ស្ពឺ៖
បុរសម្នាក់ ត្រូវបានសាច់ញាតិដើរតាមរក និងរាវក្នុងទឹកស្រះក្រោយភូមិលង់ ទឹកស្លាប់បាត់ទៅហើយ ខណៈដែលបុរសខាងលើដើរបាត់ពីផ្ទះមួយថ្ងៃ មិនឃើញត្រឡប់ មក ផ្ទះ វិញ។
ហេតុការណ៍បុរសម្នាក់លង់ទឹកស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងស្រះក្រោយភូមិមួយកន្លែង ស្ថិតនៅក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា សពបុរសដែលលង់ទឹកខាងលើមានឈ្មោះ ចន ហាយ អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងទៀតថា÷បើយោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ុច ណៃ ជាអនុប្រធានភូមិអង្គ បានរៀបរាប់ថាជនរងគ្រោះខាងលើ គឺជាមនុស្សចូលចិត្ត ហូបស្រា(ញៀនស្រាសរ) ជាប្រចាំរាល់ថ្ងៃ។ ហើយមុនពេលលង់ទឹកស្លាប់ជនរងគ្រោះ ខាងលើបានដើររើសខ្យងក្ដាមជាប្រចាំថ្ងៃតាមវាលស្រែ និងតាមស្រះទឹកនានា ក្រោយពី បានបាត់ខ្លួនមួយយប់ រួចក្រុមគ្រួសារសាច់ញាតិបានដើររកមិនឃើញ។
លោកអនុប្រធានភូមិអង្គ បានបន្តថា លុះរហូតដល់ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មិនឃើញបុរសខាងលើត្រឡប់មកផ្ទះវិញ ទើបបងប្អូនគ្រួសារសាច់ញាតិសង្ស័យថាបាន លង់ទឹកនៅចំណុចនៅក្រោយភូមិចម្ងាយ១០០ម៉ែត្រពីភូមិអង្គ ទើបរាវរកឃើញនៅក្នុងទឹក ស្រះ បានឃើញឈ្មោះ ចន ហាយ ស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណានោះទេ។
បន្ទាប់ពីសាច់ញាតិក្រុមគ្រួសារសព បានស្រង់លើកសពចេញពីស្រះទឹករួចរាល់ហើយ លោកមេភូមិអង្គ ក៏បានរាយការណ៍ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំរុងរឿង កម្លាំងប៉ុស្ដិ៍បាន សហការជំនាញចុះទៅដល់កន្លែងកើតហេតុបានធ្វើការពិនិត្យកោសល្យវិច្ច័យលើសពរួច រាល់។ សាកសពខាងលើ មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សាច់ញាតិបានទទួលស្គាល់ថាសពបុរសខាងលើ ពិតជាបានស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ។
នគរបាលស្រុកថ្ពង បានបញ្ជាក់ថាក្រោយពីធ្វើពិនិត្យកោសល្យវិច្ច័យ រួចរាល់នគរបាលបានប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ៕
