ក្លឹបកីឡាវាយសីខេត្តមណ្ឌលគិរី បានរៀបចំការប្រកួតកីឡាវាយសីដ៏ធំមួយ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា និងដណ្ដើមពានមិត្តភាពភូមិភាគឦសាន។

ព្រឹត្តិការណ៍នេះ ដឹកនាំដោយលោក អ៊ឹង តិចណិញ ប្រធានសម្ព័ន្ធកីឡាវាយសីខេត្តមណ្ឌលគិរី ដោយមានកីឡាករ-កីឡាការិនីសរុបចំនួន ៦៤ នាក់ មកពីខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង បានចូលរួមប្រកួត និងបានបែងចែកជា ៣២ ក្រុមធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញពេញមួយថ្ងៃ។

លោក អ៊ឹង តិចណិញ បានលើកឡើងថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ថង សាវុន អភិបាលខេត្ត និងជាប្រធានកិត្តិយសសម្ព័ន្ធកីឡាវាយសីខេត្តមណ្ឌលគិរី ដើម្បីផ្ដល់ឱកាសឱ្យយុវជនបានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក។  លោកបានបន្ថែមថា កីឡាគឺជា ស្ពានតភ្ជាប់សន្តិភាព មិត្តភាព និងសុខភាព 

ការប្រកួតនេះមិនត្រឹមតែជាការស្វែងរកអ្នកឈ្នះប៉ុណ្ណោះទេ តែបានបង្ហាញយ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដែលកីឡាអាចនាំមកជូនគ្រប់ៗគ្នា  ដែលអាចឱ្យមនុស្សមកពីទីកន្លែងផ្សេងៗគ្នា អាចទាក់ទងគ្នាដោយគ្មានឧបសគ្គ បង្កើតបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នាទៅវិញទៅមក នាំមកនូវមិត្តភាពរវាងប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

លោកប្រធានសម្ព័ន្ធកីឡាវាយសីខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡាបែបនេះបានទាក់ទាញអ្នកចូលរួម និងអ្នកទស្សនាពីខេត្តដទៃមកកាន់ខេត្តមណ្ឌលគិរី  នេះមិនត្រឹមតែជួយផ្សព្វផ្សាយពីសក្ដានុពលកីឡានោះទេ តែថែមទាំងជាការជំរុញ កំណើនទេសចរណ៍ ក្នុងតំបន់ផងដែរ ដោយសារភ្ញៀវទេសចរនឹងមានឱកាសមកកម្សាន្ត និងស្គាល់ពីភាពស្រស់ស្អាត និងវប្បធម៌ដ៏សម្បូរបែបរបស់ខេត្ត។

លោក អ៊ឹង តិចណិញ បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីជាការហាត់ប្រាណដ៏ល្អបំផុតមួយ ដែលជួយពង្រឹង សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ។សម្រាប់យុវជន ការចូលរួមក្នុងសកម្មភាពកីឡាបែបនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សុខភាព កាត់បន្ថយភាពតានតឹង អភិវឌ្ឍស្មារតីលេងកីឡា និងជៀសវាងពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ព្រឹត្តិការណ៍នេះគឺជាគំរូដ៏ល្អមួយដែលបង្ហាញពីថាមពលនៃកីឡាក្នុងការភ្ជាប់ទំនាក់ទំនងមនុស្ស បង្កើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងភូមិភាគឦសាន។ក្រោយបញ្ចប់ការប្រកួតពេញមួយថ្ងៃ ក្រុមដែលឈ្នះបានទទួលនូវពានកិត្តិយស សម្ភារៈ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងរីករាយពីគណៈកម្មាធិការប្រកួត ៕