ភ្នំពេញ៖
បុរសម្នាក់ ដែលជាសមាជិកក្រុមហាយសូម៉ូតូទឹកប្រចាំដងទន្លេបាសាក់ ខណៈ កំពុងជិះម៉ូតូទឹកនៅក្នុងទន្លេសុខៗ ពុំដឹងថា មានឧបស័គ្គអ្វី នោះទេ ស្រាប់តែធ្លាក់ពីលើ ម៉ូតូទឹកនោះ ហើយគាត់ព្យាយាមហែលទឹកដែរ ប៉ុន្តែហែលមិនរួច ។
ដោយឡែក អ្នកនៅច្រាំងទន្លេ ក៏គ្មានមធ្យោបាយដើម្បីចូលទៅជួយបាន គាត់បានឡើយ ម្នាក់ៗបានត្រឹមតែឈរមើល បន្ទាប់មកបុរសនោះក៏លង់លិចបាត់ទៅក្នុងទឹកទន្លេ ហើយ រយៈពេល១យប់និង១ថ្ងៃទៅហើយ នៅពុំទាន់រកឃើញថាស្លាប់ឬរស់នៅឡើយទេ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងទន្លេជិតកោះនរា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ បុរសរងគ្រោះខាងលើ នោះឈ្មោះ ផល សុផេង អាយុ៤៥ឆ្នាំ ជាសមាជិកក្រុមហាយសូ ម៉ូតូទឹកប្រចាំដងទន្លេបាសាក់ ស្នាក់នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានយកម៉ូតូទឹកទៅជិះនៅក្នុងទន្លេជិតកោះនរា នោះ ខណៈកំពុងជិះសុខៗពុំដឹងថា មានឧបស័គ្គអ្វីនោះទេ ក៏ស្រាប់តែធ្លាក់ពីលើម៉ូតូទឹកនោះ ។ ពេលនោះគេបានឃើញគាត់ព្យាយាមហែលទឹកតាមបណ្ដោយខ្សែទឹកហូរ ចំណែកម៉ូតូទឹក បាន អណ្ដែតតាមក្រោយ ។
ប្រភពខាងលើ បានប្រាប់បន្ថែមទៀតថាពេលនោះ គេ ឃើញបុរសខាងលើ ម្ដងលិចទៅក្នុងទឹក និងម្ដងទៀតអណ្ដែតផ្លឹបផ្លឺមៗ ហើយប៉ុន្មាននាទីប៉ុណ្ណោះ ក៏លង់លិចបាត់ទៅក្នុងទឹក រហូតតែម្ដង ។ ខណៈនោះ អ្នកដែលនៅលើច្រាំងទន្លេមិនមានមធ្យោបាយអាចចូលទៅជួយបុរសនោះបានឡើយ ម្នាក់ៗបានត្រឹមតែឈរមើលពីចម្ងាយប៉ុណ្ណោះ ព្រោះបុរសរងគ្រោះស្ថិតនៅឯ កណ្ដាលទន្លេ ឯណោះ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថាក្រោយមក គេ បានជូនដំណឹងដល់ក្រុមគ្រួសារគាត់បានដឹងនិងទៅមើល ព្រមទាំងរាយការណ៍ជូនអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍តាមរក ។ ដោយរកចាប់តាំងពីក្រោយពេលកើតហេតុ រហូតដល់វេលារសៀលថ្ងៃទី២៨ ខែកញ្ញា និងតាមរកដល់ភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្ដាលក្រែងជនរងគ្រោះអណ្ដែតទៅដល់ ទីនោះ ប៉ុន្តែនៅតែរកមិនទាន់ឃើញនៅឡើយ ៕
