ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទទួលបានការឧបត្ថមទាំងស្រុងពីក្រុមហ៊ុនទឹកពិសារកម្ពុជា បានរៀបចំកម្មវិធីដ៏ថ្មីស្រឡាងមួយទៀតដែលមានឈ្មោះថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ថ្នាល ទឹកពិសារកម្ពុជាក្នុងប្រភេទទម្ងន់ ៣៥គីឡូក្រាម។ 

កម្មវិធីសន្និសីទបង្ហាញបេក្ខជនទាំង ៨នាក់ ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកសាស្ត្រាចារ្យ មិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ធី សកល នាយកផ្នែកផលិតកម្មវិធីក្រុមហ៊ុន Khmer Beverages តំណាងដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោក ហេង សុឃន។ ការប្រកួតនេះមានបេក្ខជន ៨នាក់រួមមាន៖ 

កីឡាករ សាក់ ប៊ុនឆេត មកពីក្លឹបព្រះខែសែនជ័យ ខេត្តបាត់ដំបង

កីឡាករ ជាវីរៈ ចិត្រា មកពីក្លឹបចក្រវាឡគុនខ្មែរ

កីឡាករ សុផល វិឆ័យ មកពីក្លឹបកុមារទេពកីឡា

កីឡាករ បញ្ញា វាំងឌឺ មកពីក្លឹបអភិរក្សគុនខ្មែរ

កីឡាករ ឃន ស្រស់ មកពីក្លឹបសុភាពគុនខ្មែរ

កីឡាករ ខន វិចិត្រពិសិដ្ឋ មកពីក្លឹបតាឡីដំរីមានរិទ្ធ

កីឡាករ ភ័ក្ក្រ ដាំសា មកពីក្លឹបកងកេងកីឡាខេត្តបាត់ដំបង

និងចុងក្រោយគឺកីឡាករ រិគី រ៉ាស្មាច់ មកពីក្លឹបខ្លារខិនមានរិទ្ធ

កីឡាករទាំង៨ ត្រូវចាប់បញ្ចូលទៅក្នុងពូលចំនួន ២ គឺ ពូល A និង B ។

ក្រោយការចាប់ឆ្នោត គេរកឃើញពូល A មាន ៖

កីឡាករ សាក់ ប៊ុនឆេត

កីឡាករ ជាវីរៈ ចិត្រា

កីឡាករ សុផល វិឆ័យ និង

កីឡាករ បញ្ញា វាំងឌឺ

រីឯពូល B រួមមាន៖ 

កីឡាករ ឃន ស្រស់

កីឡាករ ខន វិចិត្រពិសិដ្ឋ

កីឡាករ ភ័ក្ក្រ ដាំសា និង

កីឡាករ រិគី រ៉ាស្មាច់

សម្រាប់រូបមន្តប្រកួត ក្នុងកីឡាករម្នាក់ ត្រូវប្រកួតចំនួន ៣លើកក្នុងវគ្គចែកពូល ហើយអ្នកឈ្នះបាន ៣ពិន្ទុ និងចាញ់ក៏ទទួលបានការលើកទឹកចិត្តចំនួន ១ពិន្ទុផងដែរ។ ប៉ុន្តែសម្រាប់អ្នកបោះបង់ការប្រកួត មិនទទួលបានពិន្ទុឡើយ។ 

ក្នុងករណីពិន្ទុស្មើគ្នា នោះគេមើលទៅលើការផ្តួលដៃគូឲ្យសន្លប់ដោយប្រើថិរវេលាខ្លីជាងគេគឺជាអ្នកមានប្រៀប។ 

អ្នកដណ្តើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលទាំង២ នឹងបានឡើងទៅប្រកួតវគ្គខ្វែង ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយអ្នកបានលេខ១ ពូល A ជួបលេខ២ ពូល B ហើយលេខ១ នៅពូល B ជួបអ្នកលេខ២ នៅពូល A វិញ។ 

ការប្រកួតគ្រោងនឹងធ្វើឡើងរយៈពេលជាង ២ខែ ដោយគិតចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ១៥ខែវិច្ឆកា ឆ្នាំ២០២៥ ។

ការប្រកួតនឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃសៅរិ៍ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ ពុកម៉ែបងប្អូនអាចចូលទស្សនាបានដោយសេរី!