កំពង់ស្ពឺ៖
បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន ខណៈ ដែលប្រពន្ធនិងម្តាយក្មេកមិននៅផ្ទះ បងថ្លៃប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភ ប៉ុន្តែ មិនបានសម្រេច នាងរត់គេចខ្លួនទៅផ្ទះជីដូនទាន់ពេលវេលា។ការឃាត់ខ្លួនបុរសជាបងថ្លៃល្មោភកាមប៉ុនប៉ងចាប់រំលោភប្អូនថ្លៃ បានកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា បុរសជាបងថ្លៃល្មោភកាមដែលនគរបាល ឃាត់ខ្លួនមាន ឈ្មោះ ថា ថាច ហៅប៊ី អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ អន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះជាប្អូនថ្លៃ មានឈ្មោះ សំអុល ឈូកស (ស អ ឈ ស) អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ~ឃុំខាងលើ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា មុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនបុរសជា បងថ្លៃខាងលើ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះ ភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីប៉ុងប៉ងរំលោភសេពសន្ថវ: មួយកើតឡើងដែលមានជនសង្ស័យ ឈ្មោះ ថា ថាច ហៅប៊ីភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិ~ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពស្រាតខោឡើងដេកឱប និងបំណងចាប់ រំលោភជនរងគ្រោះឈ្មោះ សំអុល ឈូកស ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាប្អូនថ្លៃស្រី) ប៉ុន្តែរំលោភមិនបានសម្រេចដោយសារក្មេងស្រីរងគ្រោះរើបំរាស់រួច រត់ចេញទៅផ្ទះរបស់បងជីដូនមួយនិងជីដូន នៅក្បែរនោះ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តទៀតថា ក្រោយកើតហេតុក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ម្តាយពីដំណើររឿងទាំងអស់។ ពេលនោះម្តាយបានទៅដាក់ពាក្យបណ្តឹងដើម្បី ឱ្យ នគរបាល ស្រុកឱរ៉ាល់ធ្វើការអន្តរាគមន៍។ ក្រោយពីទទួលបានបណ្ដឹងពីឈ្មោះ ម៉ឺន ផល ភេទស្រី អាយុ៤៥ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ(និងជាម្តាយក្មេកបុរសល្មោភកាមខាងលើ) កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំតាសាល ក៏បាន ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យជាបងថ្លៃខាងលើយកទៅអធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យជាបងថ្លៃ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភប្អូនថ្លៃពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យជាបងថ្លៃត្រូវបាននគរបាលធ្វើការឃាត់ខ្លួនបាន និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
