កំពង់ស្ពឺ៖
ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំរលាំងគ្រើល នៃស្រុកសំរោងទង ធ្វើការឃាត់ខ្លួន ខណៈដែលធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញហើយប្រទះឃើញ មានការសង្ស័យក៏ឃាត់ខ្លួនសួរនាំ។
ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មាន ឈ្មោះ សួន ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅក្នុងភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង បានបន្តទៀតថានៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងគ្រើល ធ្វើការចុះល្បាតនៅក្នុងមូលដ្ឋាននិងតំបន់ស្មុគស្មាញ ក៏ប្រទះឃើញមានការសង្ស័យ ក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៧ កញ្ចប់តូច,និងខ្សៀសម្រាប់ប្រើប្រាស់គ្រឿងញៀន០១ផងដែរ។
នគរបាលស្រុកសំរោងទង បានបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង នគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
