លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី25 ខែកញ្ញាថា លោកនឹងធ្វើការថ្កោលទោសប្រទេស ដែលប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលជាសម្ពន្ធ័មិត្តដ៏ធំរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ក៏បានប្រកាសថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសមហាអំណាចលោកខាងលិចជាច្រើន ក្នុងនោះរួមមានទាំងប្រទេសបារាំង និងអង់គ្លេស។ គួរបញ្ជាក់ផងដែរថា អ៊ីស្រាអែល រងការថ្កោលទោសយ៉ាងខ្លាំង ជុំវិញប្រតិបត្តិការសង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា ខណៈដែលការវាយប្រហារឥតឈប់ឈររបស់អីស្រាអែលរហូតមកដល់ពេលនេះ បានសម្លាប់ជិវិតជនជាតិប៉ាឡេស្ទីនប្រមាណ 65.000 នាក់ហើយ។
