លោក ខន សុខុន ដឹងច្បាស់ពីសារប្រយោជន៍ នៃការហាត់កីឡាទើបរូបលោកផ្ទាល់រួមជាមួយកូន ២នាក់ទៀតហ្វឹកហាត់ជាប្រចាំ ព្រោះទទួលបានសុខភាពល្អ និងមានរាងកាយរឹងមាំមិនសូវចាញ់ជំងឺ។

លោក ខន សុខុន បានឲ្យដឹងថា លោកស្រឡាញ់ចូលចិត្តវិស័យកីឡាតាំងពីយូរមកហើយ ពោលឲ្យតែមានពេលទំនេរគឺតែងតែហាត់លេងជានិច្ចជាមួយកូនប្រុស-ស្រីរបស់លោក។ ប៉ុន្តែការហ្វឹកហាត់នោះគឺចម្រុះដើម្បីបានតែបែកញើសប៉ុណ្ណោះមិនផ្ដោតលើកីឡាអ្វីនោះឡើយ។

បន្ទាប់ពីការបានដឹង និងចូលហាត់កីឡាហាប់គីដូ បានមួយរយៈពេលមកគឺធ្វើឲ្យលោករឹតតែស្រឡាញ់ ចូលចិត្តកីឡាជាងមុនទៅទៀត។ កាន់តែអស្ចារ្យនោះកីឡាហាប់គីដូមិនត្រឹមតែធ្វើឲ្យមានសុខភាពល្អមានភាពអត់ធ្មត់តស៊ូព្យាយាមនោះទេ រាងកាយសាច់ដុំរឹងមាំ និងរហ័សខុសពីមុនហ្វឹកហាត់ទៀតផង។ ក្រៅតែពីមានសុខភាពល្អគឺបានជួយឲ្យក្មេងៗរវល់មិនមានពេលវេលាលេងទូរសព្ទអត់ប្រយោជន៍ ឬធ្វើទង្វើរដែលសង្គមស្អប់ខ្ពើមជាដើម។ ដូច្នេះហើយទើបលោករួមទាំងកូនៗហ្វឹកហាត់កីឡាជាប្រចាំថ្ងៃតែម្ដងបន្ទាប់ពីធ្វើការ ឬរៀនសូត្ររួចមក។

បញ្ជាក់ដែរថា លោក ខន សុខុន និងកូនប្រុសឈ្មោះ សុខុន សីហនុត កូនស្រីឈ្មោះ សុខន លីហ័រ ចូលហ្វឹកហាត់កីឡាហាប់គីដូជាមួយគ្នាតាំងពីឆ្នាំ២០២២ មកម្ល៉េះជាមួយលោក គង់ ចាន់ធីណា នៅរាជធានីភ្នំពេញ។ មិនត្រឹមហ្វឹកហាត់បែបសុខភាពនោះទេកូនប្រុសរបស់លោកបានក្លាយជាកីឡាករឆ្នើម និងឈ្នះមេដាយនៅអន្តរជាតិរហូតដល់ ៨គ្រឿងទៀតផង៕