កំពង់ស្ពឺ៖ 

យុវជនម្នាក់ ត្រូវបានម្តាយបង្កើត ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួន សង្ស័យប្រើ គ្រឿងញៀនលើសកំរិត ស្រែកឡូឡា បង្កការអុកឡុក និងស្ទុះទៅ ទាញកាំបិតប៉័ងតោ និងអង្រែបុកគ្រឿងធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ម្តាយទៅឃាត់ ថែមទាំងគំរាមវាយម្តាយទៀត ទ្រាំមិនបានក៏ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់តែម្តង ។

ការឃាត់ខ្លួនកូនប្រុសសង្ស័យប្រើគ្រឿងញៀនលើសកំរិតបំផ្លាញទ្រព្យសម្បត្តិនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថា យុវជនដែលម្តាយប្តឹងឱ្យឃាត់ខ្លួន មានឈ្មោះ ឡៃ ថុនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយម្តាយ ក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នៅមុនពេលកើតហេតុ យុវជនដៃដល់ខាងលើបានធ្វើសកម្មភាពស្រែកឡូឡា និងបង្ក ការអុកឡុកក្នុងផ្ទះ ដៃមានកាន់កាំបិតប៉័ងតោដងឈើ និងអង្រែបុគ្រឿងខ្លីមួយ បានគំរាម វាយទៅលើម្តាយដែលមានឈ្មោះ ឃួន ណាន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ពេលនោះស្ត្រីជាម្តាយបានទៅហាមឃាត់ និងស្តីបន្ទោសឱ្យយុវជនជាកូន ស្រាប់តែជន សង្ស័យដៃដល់ខឹងសម្បា និងធ្វើការវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បោក ចាន ឆ្នាំងដាំបាយ កង្ហារពីព្យួរជញ្ជាំង ធាក់ទ្វារផ្ទះបាយ ទ្វារបន្ទប់ទឹកបណ្តាលឲ្យរងការខូចខាត ។ ដោយទ្រាំនូវទង្វើររបស់កូនប្រុសលែងបាន ទើបម្តាយបាន តេទូរស័ព្ទហៅសមត្ថកិច្ច ដើម្បីធ្វើការនាំខ្លួនឈ្មោះ ឡៃ ថុនា ខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកល្អក់ ធ្វើការសួរនាំ និងកសាងសំណុំរឿងបន្ត។

បើតាមការបញ្ជាក់ពីម្តាយយុវជនដៃដល់ខាងលើឈ្មោះ ឃួន ណាន ថា  កន្លងទៅ កូនប្រុសរបស់គាត់(យុវជនសង្ស័យ)ខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន  ហើយគាត់ធ្លាប់ បានយកដាក់នៅមណ្ឌលអប់រំកែប្រែចំនួន០២ដងរួចមកហើយ ប៉ុន្តែកូនប្រុសនៅតែមិនចេះ កែខ្លួន ទើបគាត់ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនអនុវត្តន៍តាមផ្លូវច្បាប់ចុះ។

បច្ចុប្បន្ន យុវជនសង្ស័យដៃដល់ខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក គងពិសី និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ៕