មហាជនអ្នកគាំទ្រប្រាដកជាបានជ្រាបរួចហើយថា កាលពីពេលថ្មីៗកន្លងទៅ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា សុគន្ធ នីសា និង ពេជ្រ សូលីកា បានចាប់ដៃគ្នាផលិតបទចម្រៀងថ្មីមួយរួមគ្នាយ៉ាងពីរោះរណ្ដំ កំពុងអង្រួនចិត្តប្រិយមិត្តអ្នកស្តាប់នៅទូទាំងប្រទេស។

បទថ្មីដែលតារាស្រីទាំងពីររូបនេះ បានច្រៀងរួមគ្នាមានចំណងជើងថា “ពេលយើងឈ្លោះគ្នា” បានចេញផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និង យូធូប កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗនេះ ផ្ទុះកក្រើកពេញបណ្តាញសង្គម ត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើននាំគ្នាចែករំលែក និងចូលទៅសរសើរនូវទឹកដមសំណៀងរបស់ពួកគេ ថាជាការរួមបញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះផងដែរ។ 

យ៉ាងណាមិញ បើយោងតាមការអះអាងរបស់ ពេជ្រ សូលីកា បាននិយាយថា បទ “ពេលយើងឈ្លោះគ្នា” ដែលជាចំណងដៃថ្មីជាមួយ សុគន្ធ នីសា ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ពុកម៉ែបងប្អូន ដោយក្នុងនោះ ត្រឹមតែរយៈពេល ៤ ម៉ោងប៉ុណ្ណោះ មានអ្នកទស្សនារហូតដល់ទៅ ១ លានដង នៅលើហ្វេសប៊ុក និង Trending #26 នៅក្នុងយូធូប ត្រឹមតែរយៈពេល ៥ ម៉ោង ប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា បទ “ពេលយើងឈ្លោះគ្នា” របស់ សុគន្ធ នីសា និង ពេជ្រ សូលីកា គឺជាបទដែលពួកគេបានច្រៀងរួមគ្នាជាលើកដំបូង បន្ទាប់ពីដើរនៅក្នុងវិស័យតន្ត្រីអស់ជាច្រើនទសវត្សរ៍កន្លងមកនេះ៕