ភ្នំពេញ៖ 

ក្រសួងសុខាភិបាល រកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងមានលួចដាក់សារធាតុសកម្មឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលអាចប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ការរកឃើញនេះ គឺបន្ទាប់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖

– ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid ( ទ្រែនិចសាមិក អេស៊ីដ) ។ សារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

– គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid (សាលីសាយលិក អេស៊ីដ) និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដាខាងលើ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង ៣មុខនេះជាបន្ទាន់។

ទន្ទឹមនេះ ក្រសួងក៏បានប្រាប់ឱ្យសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ញិកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាង ការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ៕