ថ្លែងអំឡុងពេលបើកពិធីក្បួនដង្ហែរព្យុហយាត្រាយោធា លោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង បានថ្លែងថា ប្រទេសចិនគឺជា "ប្រជាជាតិដ៏អស្ចារ្យ" ដែលមិនភ័យខ្លាចចំពោះការប្រយុទ្ធណាមួយឡើយ។ លោកប្រធានាធិបតី ស៊ី បានចាត់ទុកសង្គ្រាមលោកលើកទី 2 គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុង "ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន" ដែលបានយកឈ្នះលើការឈ្លានពានរបស់ប្រទេសជប៉ុន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយក្នុងពិភពលោក។ នៅក្នុងរយៈពេល 70 នាទីនៃការដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើម ប្រទេសចិន បានដាក់បង្អួតគ្រឿងសព្វាវុធទំនើបរបស់ខ្លួន ក្នុងនោះរួមមានទាំងកងទ័ព យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក កាំជ្រួចមីស៊ីល រថក្រោះ រថពាសដែក និងឧបករណ៍យោធាទំនើបៗជាច្រើនទៀត។
