ភ្នំពេញ ៖

បុរសម្នាក់ផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែប្រាប់ថាទៅទិញស្រាបៀរមួយភ្លែត តែបែរជាមកលោតទឹកបញ្ចប់ជីវិតនៅលើស្ពានមុនីវង្សថ្មី បង្កការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅសួរនាំ  ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ ចំនុចលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  ។ 

ជនរងគ្រោះដែលលោតទឹក មានឈ្មោះ ពុំ ពេជ្រ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង  ។ តាមការរាប់រៀបរបស់សាច់ញាតិជនរងគ្រោះ បានអោយដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូននៅម្តុំបឹងតាម៉ាត ខណ្ឌដង្កោ ។ លុះពេលផឹកសុខៗ ជនរងគ្រោះ បានប្រាប់ថាទៅទិញស្រាបៀរ និងសុំលុយបងប្អូន៥ពាន់ រៀល ទុកចាក់សាំងទៅផ្ទះវិញផងដែរ  ។ 

ប្រភពដដែល បានបន្តទៀតថា លុះពេលជនរងគ្រោះជិះម៉ូតូចេញទៅ ហើយ បងប្អូនចាំបាត់ៗ ក៏ទូរស័ព្ទទៅសួរ ស្រាប់តែប្រជាពលរដ្ឋជាអ្នកលើកទូរស័ព្ទ ហើយ ប្រាប់ថាជនរងគ្រោះ បានលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង1K3207 និងទូរសព្ទដៃមួយគ្រឿងនៅលើស្ពាន ហើយ ក៏នាំគ្នីគ្នា មកមើលពិតថាជាម៉ូតូរបស់សាច់ញាតិគាត់មែន  ។  

ក្រោយកើតហេតុ សមត្ថកិច្ចសំរេចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋចាក់អង្រែលើ និងហៅសាច់ញាតិទៅបំភ្លឺផងដែរ៕