លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា និងជាប្រធានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជាមកដល់ប្រទេសកម្ពុជាវិញហើយព្រមទាំងនាំយកមេដាយប្រាក់ ១គ្រឿង និងសំរិទ្ធចំនួន ៤គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអាស៊ានចិនលើកទី១ ឆ្នាំ២០២៥ “The 1st ASEAN-CHINA WOMEN'S WUSHU CHAMPIONSHIPS 2025.” ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការបានថ្លែងថា ការប្រកួតនេះកម្ពុជាបានបញ្ជូនក្រុមកីឡាវូស៊ូចំនួន ៨នាក់រួមមាន ប្រធានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីចំនួន ៥ នាក់ ក្នុងនោះកីឡាការិនីម្នាក់មានជំងឺទើបមិនបានចូលរួម។ កម្ពុជាដណ្តើមបានមេដាយប្រាក់ និងមេដាយសំរិទ្ធចំនួន ៥គ្រឿងដូចជាវិញ្ញាសា Duilian សម្តែងជាក្រុម មាន ២ នាក់ អាយុក្រោម18 ទទួលមេដាយប្រាក់ ១គ្រឿង និង ២នាក់មនុស្សពេញវ័យទទួលមេដាយសំរឹទ្ធ ១គ្រឿង ចំណែកវិញ្ញាសា Taolu សម្តែងឯកត្តជន រួមមានវិញ្ញាសាណាន់ឈាន អាយុក្រោម18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង វិញ្ញាសាណាន់តាវ អាយុក្រោម18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងវិញ្ញាសាជៀនស៊ុ អាយុក្រោម18 ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង។
លោក ម៉ៅ ចន្ថាវុធ បានបន្តទៀតថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចំនួន៨ នាក់ ទៅចូលរួមប្រកួតកីឡាវូស៊ូក្នុងកម្មវិធី The 1st ASEAN-CHINA WOMEN'S WUSHU CHAMPIONSHIPS 2025. ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន ( ASEAN-CHINA Wushu Federation ) មាន៩ប្រទេស ចូលរួមប្រកួត៕
