មេដឹកនាំគណបក្ស ភូមិចៃថៃ របស់ប្រទេសថៃ គឺលោក អានុទីន ចន្ទ័វីរៈកុល (Anutin Charnvirakul) បានបញ្ជាក់កាលពីថ្ងៃពុធ ទី3 ខែកញ្ញាថា លោក បានទទួលការគាំទ្រពីសមាជិកសភាចំនួន 146 នាក់ មកពីក្រុម និងគណបក្សចំនួន 7 ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ស្របពេលដែលលោកបានប្តេជ្ញាចិត្តចំពោះលក្ខខណ្ឌដែលដាក់ចេញដោយគណបក្សប្រជាជន ដែលជាគណបក្សធំបំផុតនៅក្នុងសភា។ ទន្ទឹមនឹងនេះ គណបក្សភឿថៃ ដែលកំពុងកាន់អំណាចបាននិយាយថា ខ្លួនបានស្វែងរកការយល់ព្រមពីព្រះមហាក្សត្រ ដើម្បីរំលាយសភាសម្រាប់ការបោះឆ្នោតថ្មី បន្ទាប់ពីគណបក្សប្រជាជនបាននិយាយថា ខ្លួននឹងគាំទ្រគណបក្ស ភូមិចៃថៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ។ គួរបញ្ជាក់ផងដែរថា ការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជុំវិញការបំពានក្រមសីលធម៌នោះ បានជំរុញឲ្យមានការប្រជែងដណ្តើមអំណាចយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។